ក្លិបបាល់ទាត់កំពូលរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានជំរុញឱ្យ FIFA ដកសិទ្ធិក្រុមជម្រើសជាតិអ៊ីរ៉ង់ចេញពីការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 ដោយសារតែប្រទេសនេះ ត្រូវបានចោទប្រកាន់ថាមានការគាំទ្រផ្នែកយោធាចំពោះការលុកលុយរបស់រុស្ស៊ី។
នាយកប្រតិបត្តិ Shakhtar Donetsk លោក Sergei Palkin បានចោទប្រកាន់អ៊ីរ៉ង់យ៉ាងដូច្នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពេលក្រុមរបស់គាត់ប្រកួតជាមួយ Celtic ក្នុងការប្រកួតក្របខណ្ឌ Champions League ។
FIFA មិនបានឆ្លើយតបភ្លាមៗចំពោះសំណើនេះទេ។ ទោះជាយ៉ាងណា ប្រសិនបើក្រុមអាស៊ីមួយ ត្រូវបានព្យួរ FIFA ក៏មិនធ្លាប់ជំនួសវិញដោយក្រុមអឺរ៉ុបនៅ World Cup នោះដែរ។
FIFA បានព្យួរក្រុមរុស្ស៊ី បន្ទាប់ពីការលុកលុយនៅអ៊ុយក្រែន ដែលបានរារាំងរុស្ស៊ីពីការលេងក្នុងការប្រកួតជម្រុះ World Cup ក្នុងខែមីនា។ ជាធម្មតា FIFA ផ្អាកតែក្រុមជម្រើសជាតិណា ដែលរដ្ឋាភិបាលរបស់ប្រទេសនេះ ត្រូវបានវិនិច្ឆ័យថាបានជ្រៀតជ្រែកក្នុងការដំណើរការឯករាជ្យនៃសហព័ន្ធបាល់ទាត់ជាតិ៕