Javier “Chicharito” Hernandez នឹងមិនទៅលេងនៅ World Cup ក្នុងប្រទេសកាតាទេ បន្ទាប់ពីគាត់ត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករបឋមរបស់ម៉ិកស៊ិក កាលពីថ្ងៃពុធ ដោយគ្រូបង្វឹក Gerardo Martino បានជ្រើសរើសកីឡាករ Raúl Jiménez និង Jesús Corona ដែលសុទ្ធតែជាកីឡាកររងរបួស។
លោក Martino បានអះអាងថា គាត់នឹងរង់ចាំការវិលត្រឡប់ពីរបួសរបស់ Jiménez និង Corona ដែលអ្នកទាំងពីរគឺជាផ្នែកមួយនៃបញ្ជីឈ្មោះកីឡាការបឋមចំនួន 31 នាក់ សម្រាប់ត្រៀមការប្រកួត World Cup នៅខែក្រោយ។
ថ្វីបើបច្ចុប្បន្នកីឡាករសំខាន់ទាំងពីរនាក់របស់គាត់កំពុងរងរបួសក៏ដោយ ក៏ Martino បានសម្រេចចិត្តដក Hernández ដែលជាអតីតខ្សែប្រយុទ្ធ Manchester United ដែលបច្ចុប្បន្នលេងឱ្យ Los Angeles Galaxy ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានពន្យល់ពីការសម្រេចចិត្តនោះនៅមុនការប្រកួតមិត្តភាពកាលពីខែកញ្ញាថា៖ “យើងនឹងប្រើប្រាស់ខ្សែប្រយុទ្ធផ្សេងទៀត”។
Hernandez បានបង្ហាញខ្លួននៅ World Cup ចំនួន 3 ផ្សេងៗគ្នា និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ម៉ិកស៊ិក ក្នុងប្រវត្តិសាស្ត្រ ដោយរកបាន 52 គ្រាប់។ ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនឱ្យម៉ិកស៊ិក ចាប់តាំងពីការប្រកួតមិត្តភាពក្នុងឆ្នាំ 2019 ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការអវត្តមានរបស់ Hernández គឺដោយសារតែបញ្ហាវិន័យ។
សូមជម្រាបថា Jiménez មានរបួសក្រលៀន ដែលមិនអាចឱ្យគេបង្ហាញខ្លួនសម្រាប់ Wolverhampton ក្នុងក្របខណ្ឌ Premier League បានឡើយ។ កីឡាកររូបនេះ មិនបានចូលលេងតាំងពីខែសីហាមកម្ល៉េះ ហើយបានបង្ហាញខ្លួនតែក្នុងការប្រកួតលីគចំនួន 3 ប៉ុណ្ណោះក្នុងរដូវកាលនេះ។ ជាមួយគ្នានេះ កីឡាករ Corona បានរបួសនៅកជើងខាងឆ្វេងរបស់គាត់កាលពីខែសីហា អំឡុងពេលហ្វឹកហាត់ជាមួយក្លិបអេស្ប៉ាញ Sevilla ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕