ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបង្ហាញក្រុមគ្រូបង្វឹក និងកីឡាករ- កីឡាការិនី ចំនួន១៣នាក់ លើប្រភេទវិញ្ញាសាជាច្រើន សម្រាប់ក្រុមអត្តពលិក ឃីកបុកស៊ីងជម្រើសជាតិ ឆ្នាំ២០២១ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានចាប់ផ្តើមហ្វឹកហាត់តាមរយៈអនឡាញដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា បានប្រាប់ឲ្យដឹងតាម សារអេឡិចត្រូនិចថា នេះជាឆ្នាំដំបូងសម្រាប់ សហព័ន្ធ ត្រូវបាន ក្រសួងអប់រំ យុជននិងកីឡា អនុញ្ញាតឲ្យឃីកបុកស៊ីងចូលរួម ប្រមុលផ្ដុំ ក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ដែលក្នុងនោះគ្រូបង្វឹកមានចំនួន៣រូប និង កីឡាករ-កីឡាការិនី ចំនួន១០នាក់ មានកីឡាការិនីចំនួន៣នាក់។
ចំពោះក្រុមអ្នកប្រយុទ្ធទំាង១០នាក់នេះ មិនទាន់ដឹងថា អ្នកណាម្នាក់ត្រូវចេញទៅប្រកួតកីឡា SEA GAMES 2021នៅ ទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះនេះឡើយព្រោះ សហព័ន្ធ នឹងធ្វើការប្រកួតជម្រុះតាមប្រភេទទម្ងន់ដើម្បីចម្រាញ់រក កីឡាករ-កីឡាការិនី ឆ្នើមចូលរួម SEA GAMES 2021ដណ្តើមមេដាយជូនជាតិ។
លោកបន្តទៀតថា កីឡាប្រដាល់ឃីកបុកស៊ីង ជាប្រភេទកីឡា ដែលមានមាន សក្តានុពល ក្នុងចំណោមកីឡាទំាង១៤ប្រភេទ របស់ប្រទេសកម្ពុជា ចំណែក សហព័ន្ធ បានត្រៀមកម្លាំង រួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ដែរ។ ប្រភេទកីឡាប្រដាល់ ឃីកបុកស៊ីងនេះគឺជា ប្រភេទកីឡា មានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES 2017និង ២០១៩ កន្លងមកធ្លាប់ទទួលមេដាយ ជាច្រើនគ្រឿង ជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021នៅ ប្រទេសវៀតណាម និង SEA GAMES 2023ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា។
ប្រមុខប្រដាល់ឃីកបុកស៊ីង រូបនេះបន្ថែមទៀតថាចំពោះ គ្រូបង្វឹក មានចំនួន ៣រូបនិង កីឡាករ- កីឡាការិនី ចំនួន១០នាក់ រួមមាន លោកគ្រូធំ ជា រិទ្ធ លោកគ្រូជំនួយ រុំ ឆាវជ័យ លោកគ្រូ សៅ ប៊ុនធឿន រីឯកីឡាការិនី៣នាក់ មាន កីឡាការិនី នូវ ស្រីពៅ ប្រភេទទម្ងន់ ៥១គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ប្រភេទទម្ងន់៥៤គីឡូក្រាម និងកីឡាការិនី វី ស្រីខួច ប្រភេទទម្ងន់ ៦៤គីឡូក្រាម។
ចំណែកកីឡាករ៧នាក់ រួមមាន កីឡាករ វន គឹមចេង ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ខេម ចាន់ ប្រភេទទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ហ៊ឹម សេរី ប្រភេទទម្ងន់ ៥១ គីឡូក្រាម កីឡាករ ទួច រ៉ាឆាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង ប្រភេទទម្ងន់ ៦០ គីឡូក្រាម និងកីឡាករ សាន រ៉ាគឹម ប្រភេទទម្ងន់ ៦០គីឡូក្រាម៕
ប្រភពអត្ថបទ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា