Lionel Messi នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា បានបញ្ចប់។
Messi នឹងដឹកនាំក្រុមអាហ្សង់ទីន នៅមជ្ឈិមបូព៌ា នៅខែក្រោយ ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់គាត់ សម្រាប់អាហ្សង់ទីន។ កីឡាករវ័យ 35 ឆ្នាំ បានចាប់ផ្ដើមយ៉ាងល្អក្នុងរដូវកាល 2022-23 នៅ Paris Saint-Germain ដោយស៊ុតបាន 11 គ្រាប់ និង assist 13 ដងនៅក្របខណ្ឌ Ligue 1 និង Champions League ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្រុម PSG មានជម្រើសក្នុងការបន្តកុងត្រាឱ្យ Messi ដែលមានសុពលភាព 12 ខែបន្ថែមទៀត។
មានការបង្ហើបពីប្រធានក្លិប Barcelona លោក Joan Laporta លើការវិលត្រឡប់ទៅកាន់ ក្រុមអ្នកមានបុណ្យក្នុងខែមករារបស់ Messi ។ ប៉ុន្តែ សេចក្ដីរាយការណ៍មួយបានអះអាងថា កីឡាករអាហ្សង់ទីនរូបនេះ នឹងមិនទាន់ចាកចេញពី PSG ក្នុងខែមករាខាងមុខនេះទេ ទោះបីជាគាត់សម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិបបារាំងនេះក៏ដោយ។
អាហ្សង់ទីន ស្ថិតនៅពូលជាមួយ អារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ិក និង ប៉ូឡូញ សម្រាប់វគ្គសន្សំពិន្ទុ នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលនឹងចាប់ផ្ដើមក្នុងរយៈពេលជិត 3 សប្ដាហ៍ទៀតតែប៉ុណ្ណោះ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕