ក្រុមជម្រើសជាតិអង់គ្លេស បានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមភ្ញៀវអង់ដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។
ក្នុងការប្រកួត គ្រូបង្វឹក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករថ្មីៗជាច្រើនឱ្យចូលលេង។ ជាក់ស្ដែងដូចជា Jesse Lingard ជាដើម និងខ្សែប្រយុទ្ធ Bamford របស់ Leeds United ដែលទើបជាប់ជម្រើសជាតិលើកដំបូងផងដែរ។
ក្នុងជំនួបនាកីឡដ្ឋាន Wembley នេះ Jesse Lingard ជាអ្នកស៊ុតបើកឆាកនាទីទី១៨ ខណៈប្រធានក្រុម Harry Kane បន្ថែមគ្រាប់ទី២នៅនាទីទី៧២ ហើយ Lingard ក៏បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៨ មុនពេលដែលដែល Bukayo Saka ស៊ុតគ្រាប់ទី៤តែម្តងឱ្យក្រុមម្ចាស់ផ្ទះ។
គួរដឹងផងដែរថា ខ្សែប្រយុទ្ធ Harry Kane ក៏បានបំបែកកំណត់ត្រាមួយផងដែរ ដោយក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទី៥ ឱ្យក្រុមជម្រើសជាតិអង់គ្លេស ពោលគឺចំនួន ៤០គ្រាប់ស្មើជាមួយ Sir Bobby Charlton ៕