×

ជីវិតក្មេងរស់នៅជំរំជនភៀសខ្លួន ក្លាយជាកីឡាករតំណាងប្រទេសកាណាដា

ដំណើរជីវិតរបស់ Alphonso Davies រហូតដល់មុនព្រឹត្តិការណ៍ World Cup លើកដំបូងរបស់ប្រទេសកាណាដាក្នុងរយៈពេលជិត 4 ទសវត្សរ៍ បានចាប់ផ្តើមនៅក្នុងជំរំជនភៀសខ្លួនអាហ្វ្រិកខាងលិចមួយ។

Davies ដែលជាខ្សែការពារស្លាបឆ្វេងនៅក្លិប Bayern Munich កើតនៅក្នុងជំរំជនភៀសខ្លួនហ្គាណា ប៉ុន្តែឪពុកម្ដាយរបស់គេជាជនជាតិលីបេរីយ៉ា ដែលបានភៀសខ្លួនចេញពីសង្រ្គាមស៊ីវិលនៅក្នុងប្រទេសរបស់ពួកគេ។ គ្រួសាររបស់គាត់ បានធ្វើចំណាកស្រុកទៅប្រទេសកាណាដា នៅពេលគាត់មានអាយុ 5 ឆ្នាំ។

អតីតជនភៀសខ្លួនដែលឥឡូវនេះមានអាយុ 22 ឆ្នាំ បានជួយឱ្យក្រុមបាល់ទាត់បុរសកាណាដាទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ ត្រឹមអាយុ 16 ឆ្នាំ Davies បានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំទៅហើយ។

Davies ដែលបានសន្យាថានឹងបរិច្ចាគថវិកាដែលខ្លួនទទួលបានពី World Cup ទៅអង្គការសប្បុរសធម៌ បានចាប់ផ្តើមនៅសាលាបឋមសិក្សាមួយ នៅទីក្រុង Edmonton ។ គ្រូបង្រៀន បានកត់សម្គាល់ពីទេពកោសល្យបាល់ទាត់ និងបានដាក់ Davies នៅក្នុងលីគបាល់ទាត់កម្រិតសាលា។

នៅអាយុ 14 ឆ្នាំ អាជីពរបស់គេចាប់ផ្ដើមពីកម្មវិធីរបស់ក្លិបបាល់ទាត់អាជីព Vancouver Whitecaps ដែលប្រកួតនៅលីគកំពូលអាមេរិក Major League Soccer ហើយមិនយូរប៉ុន្មាន គេបានចាប់ផ្តើមបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុមឈុតធំ។

Davies បានចូលរួមជាមួយ Bayern ក្នុងតម្លៃ 22 លានដុល្លារ កាលពីឆ្នាំ 2018 ដែលជាតម្លៃផ្ទេរកំណត់ត្រាសម្រាប់កីឡាករ MLS ។

នៅឆ្នាំ 2020 គេបានក្លាយជាកីឡាករអាមេរិកខាងជើងដំបូងគេដែលបានឈ្នះនៅក្នុងការបោះឆ្នោត FIFPRO World XI អមជាមួយកីឡាករល្បីៗដូចជា Lionel Messi, Cristiano Ronaldo, Robert Lewandowski, Kevin de Bruyne, Sergio Ramos, Joshua Kimmich, Trent Alexander-Arnold, Thiago Alcantara, Virgil van Dijk និង Alisson Becker។

ភាពប៉ិនប្រសប់របស់ Davies គឺមិនអាចប្រកែកបានក្នុងជ័យជម្នះលើក្រុមប៉ាណាម៉ា ក្នុងលទ្ធផល 4-1 របស់កាណាដា កាលពីវគ្គជម្រុះ World Cup ។ Davies គឺជាអ្នកទាត់បញ្ចូលទីគ្រាប់ទីមួយសម្រាប់កាណាដា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង