លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool បានប្រាប់ពីស្ថានភាពរបស់កូនក្រុមរបស់គាត់ មុនការប្រកួតទល់នឹង Aston Villa នៃក្របខណ្ឌ Premier League ដែលបានត្រឡប់មកវិញក្រោយ World Cup ។
អ្នកចាត់ការរូបនេះ បានបញ្ជាក់ថា Trent Alexander-Arnold មិនមានវត្តមានក្នុងការប្រកួតទល់នឹង Manchester City នៅកីឡដ្ឋាន Etihad កាលពីយប់មិញ ដោយសារជំងឺ។ ចំណែក Virgil van Dijk បានហ្វឹកហាត់នៅមូលដ្ឋាន Kirkby របស់ Liverpool ប៉ុន្តែគេក៏មិនបានចូលលេងក្នុងការប្រកួតដែល City ឈ្នះ 3-2 ដែរ។ Virgil van Dijk បានលេងក្នុងការប្រកួតទាំង 5 របស់ហុល្លង់នៅ World Cup ។
ជាមួយគ្នានេះ Ibrahima Konate បានជួយបារាំងឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា។ ខ្សែការពារកណ្តាលពេលនេះ ត្រូវបានផ្តល់ពេលសម្រាកបន្ថែម ហើយនឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅសប្តាហ៍ក្រោយ ដូច្នេះគេទំនងជាអវត្តមានពេលជួប Aston Villa ។
ក្នុងការប្រកួត EFL Cup វគ្គ 16 ក្រុមចុងក្រោយដែល Liverpool បានធ្លាក់ចេញ កីឡាករ James Milner បានរងរបួសសរសៃពួរ ដែលធ្វើឱ្យកីឡាករចាស់វស្សារូបនេះ ក៏ទំនងជាមិនអាចលេងនៅប្រកួតបន្ទាប់បានផងដែរ។
ការប្រកួតរវាង Aston Villa ជាមួយ Liverpool នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅថ្ងៃទី 27 ខែធ្នូ ចាប់ពីម៉ោង 0:30 នាទីរំលងអធ្រាត្រតទៅ៕