
Aston Villa នឹងស្វាគមន៍ Liverpool ក្នុងទឹកដីរបស់ខ្លួន ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៧ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ០:៣០ នាទីរំលងអធ្រាត្រយប់នេះតទៅ។

លោក Unai Emery អ្នកចាត់ការទូទៅថ្មីរបស់ Aston Villa ទើបតែដឹកនាំ 3 ប្រកួតប៉ុណ្ណោះ ដោយដណ្ដើមបានជ័យជម្នះក្នុងការប្រកួត Premier League ២លើក មុន World Cup ដែលធ្វើឱ្យក្រុមរបស់គាត់ឈរនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង។

Liverpool ឈរនៅលេខ៦ ។ ក្រុមរបស់លោក Jurgen Klopp មិនទាន់ល្អដូចរដូវកាលមុនទេ។ Liverpool បានយកឈ្នះ Manchester City និង Tottenham តែបានចាញ់ Leeds និង Nottingham Forest ។
Aston Villa អាចនឹងដាក់ខ្សែបម្រើ Philippe Coutinho ក្នុងការប្រកួតជាមួយក្លិបចាស់របស់គេផងដែរ។ Coutinho បានត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីរបួសភ្លៅ។ Diego Carlos នឹងត្រឡប់មកវិញនៅខែកុម្ភៈ ដោយសារបួស។ អ្នកចាំទី Emi Martinez ដែលជួយឱ្យអាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup ទំនងជាមិនមានវត្តមានទេ ក្នុងការប្រកួតនេះ។
James Milner បានរងរបួសសរសៃពួរ ក្នុងការប្រកួត Liverpool ជាមួយ Manchester City កាលពីពាក់កណ្ដាលសប្ដាហ៍។ Roberto Firmino និង Curtis Jones អាចត្រលប់មកវិញនៅដើមខែមករា។ Diogo Jota និង Arthur Melo រង់ចាំរហូតដល់ខែកុម្ភៈ ខណៈ Luis Diaz អាចអូសបន្លាយរហូតដល់ខែមីនា បន្ទាប់ពីបានធ្វើការវះកាត់ជង្គង់។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Olsen; Cash, Konsa, Mings, Digne; McGinn, Kamara, Luiz, Buendia; Bailey, Watkins
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Elliott, Fabinho, Thiago; Salah, Nunez, Carvalho
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Aston Villa 0-2 Liverpool ៕

