កីឡាករ Rayan Ait-Nouri បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែម ដើម្បីផ្ដល់ជ័យជម្នះដល់ Wolves លើ Everton 2 ទល់នឹង 1 ដែលបានធ្វើឱ្យពួកគេចាកចេញពីចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌ Premier League ។
នេះជាការទទួលជ័យជម្នះក្រៅដីជាលើកដំបូងក្នុងរដូវកាលនេះសម្រាប់ Wolves បន្ទាប់ពីលោក Julen Lopetegui បានចូលមកដឹកនាំ។ គាត់គឺជាអ្នកចាត់ការទូទៅរបស់ Wolves ដែលបានដឹកនាំក្រុមឱ្យឈ្នះការប្រកួតក្របខណ្ឌកំពូលជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីលោក John Barnwell ក្នុងឆ្នាំ 1978 ។
Wolves ត្រូវបាន Everton នាំមុខមុន ដោយ Yerry Mina តែតបញ្ចូលទីនៅនាទីទី 7 ។ ប៉ុន្តែ ក្រុមចចកបានធ្វើការវាយបកតាមស្មើពីកីឡាករ Daniel Podence នាទីទី 22 ។ នៅនាទីទី 95 Wolves បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន នៅពេលដែល Adama Traore បញ្ចូនសម្រាប់ Ait-Nouri ដើម្បីសម្រេចទីផុតដៃរបស់អ្នកចាំទី Pickford របស់ Everton ។
ជ័យជម្នះនេះ បានជួយឱ្យ Wolves ឡើងឈរលេខ 18 តាមពីក្រោយ Everton ដែលស្ថិតនៅលេខ 17 ។ Everton បានចាញ់ 3 ប្រកួតជាប់ៗគ្នា មុនបរាជ័យកាលពីយប់មិញ៕