ក្រុមតោខៀវ Chelsea កំពុងតែខិតជិតក្នុងការទិញម្ចាស់មេដាយមាស World Cup កីឡាករ Enzo Fernandez បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្លិប Benfica បានបង្ហាញផលវិជ្ជមានលើកិច្ចព្រមព្រៀងតម្លៃ 127 លានអឺរ៉ូ។
Chelsea កំពុងស្ថិតក្នុងការពិភាក្សាជាមួយ Benfica ជុំវិញការផ្ទេរសម្រាប់ Enzo Fernandez ហើយសុខចិត្តចំណាយប្រាក់ 127 លានអឺរ៉ូ សម្រាប់កីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។ នេះបើយោងតាម Gianluca Di Marzio ។
ក្រុមតោខៀវគ្រោងនឹងចំណាយសម្រាប់ Fernandez ក្នុង 3 ដំណាក់កាល ដោយ 1 ដងចំណាយប្រហែល 40 លានអឺរ៉ូ។ ដោយឡែក Benfica មានគោលបំណងជំនួស Fernandez ដោយនាំយក Carlos Alcaraz របស់ក្លិប Racing Club ។
Fernandez បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីផ្ទេរទៅ Chelsea រួចហើយ ដោយទុកឱ្យភាគីក្លិបទាំងពីរ បញ្ចប់កិច្ចព្រមព្រៀង។ Benfica បានច្រានចោលការលើកឡើងថាប្រធានក្លិបលោក Rui Costa នឹងអនុញ្ញាតឱ្យ Fernandez ចាកចេញ ប្រសិនបើទទួលបានសំណើ 120 លានអឺរ៉ូ។ ខ្សែបម្រើរូបនេះបានខកខានការហ្វឹកហាត់ចំនួនពីរដង បន្ទាប់ពីត្រលប់មកពីប្រទេសអាហ្សង់ទីនវិញក្នុងថ្ងៃចូលឆ្នាំសាកល៕