ក្រុម Newcastle United បានធ្វើឱ្យក្រុម Arsenal ដែលកំពុងនាំមុខនៅលើកំពូលតារាង Premier League ខកចិត្ត ដោយរកបានមួយពិន្ទុ នៅឯកីឡដ្ឋាន Emirates កាលពីយប់មិញ។
Arsenal បានសង្ឃឹមថានឹងបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ 10 ពិន្ទុ ប៉ុន្តែពួកគេមិនអាចដណ្ដើមបាន 3 ពិន្ទុពីក្រុម Newcastle Untied ដែលកំពុងមានមហិច្ឆតាក្នុងការបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង 4 នៅរដូវកាលនេះ។
កីឡាករ Joelinton របស់ Newcastle បាន ខ្ជះខ្ជាយឱកាសល្អបំផុត នៅពេលដែលតែតខុសទីនៅក្នុងវគ្គទីមួយ។ Arsenal ស្ទើរតែរកគ្រាប់បាល់បានដោយខ្សែការពារ Gabriel និងខ្សែប្រយុទ្ធ Gabriel Martinelli ដែលអ្នកទាំងពីរបានតែតខុសបង្គោលទីបន្តិចប៉ុណ្ណោះ ខណៈពេលដែលអ្នកចាំទី Nick Pope របស់ Newcastle បានធ្វើការសង្គ្រោះបាល់របស់ Eddie Nketiah ។
ក្រុមកាំភ្លើងធំ បានតវ៉ាទាមទារបាល់ពិន័យប៉េណាល់ទី ដែលត្រូវបានច្រានចោល នៅពេលដែល Gabriel ត្រូវបានទាញដោយ Dan Burn ។ ការប្រកួតនេះ បានបង្កភាព ច្របូកច្របល់ ដោយបង្កឱ្យមានកាតលឿងចំនួន 7 ។ ទោះជាយ៉ាងណា ក្រោយកញ្ចែចប់ការប្រកួត លទ្ធផលគឺស្មើគ្នាដោយគ្មានគ្រាប់បាល់។
Arsenal ឥឡូវនេះចំនួន 8 ពិន្ទុ លើស Man City ដែលនៅសល់មួយប្រកួតក្នុងដៃ។ ចំណែក Newcastle បានរក្សាចំណាត់ថ្នាក់លេខ 3 មាន 35 ពិន្ទុស្មើជាមួយ Manchester United ដែលនៅសល់មួយប្រកួតក្នុងដៃផងដែរ៕