ការជួបគ្នារវាង Chelsea ជាមួយ Manchester City នឹងធ្វើឡើងនៅកីឡដ្ឋាន Stamford Bridge ខណៈភាគីទាំងពីរ នឹងប្រកួតគ្នាក្នុងក្របខណ្ឌ Premier League មុនពេលជួបគ្នាម្ដងទៀតក្នុងពានរង្វាន់ FA Cup នៅថ្ងៃចុងសប្ដាហ៍។ ការប្រកួតយប់នេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺតទៅ។
លោក Graham Potter អ្នកចាត់ការ Chelsea បានខកចិត្តក្នុងប្រកួតទល់នឹង Nottingham Forest ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា។ ក្រុមតោខៀវ នឹងត្រូវតេស្តសមត្ថភាពពិតប្រាកដរបស់ពួកគេ ពេលជួបជាមួយក្រុមរបស់លោក Pep Guardiola នៅរាត្រីនេះ។
City បានប្រកួតស្មើជាមួយ Everton កាលពីប្រកួតមុន ដែលធ្វើឱ្យពួកគេបាត់បង់ 2 ពិន្ទុក្នុងការដេញតាមក្រុមលេខ 1 Arsenal ។ Erling Haaland រកបានគ្រាប់បាល់ទី 21 របស់ខ្លួនក្នុងរដូវកាលនេះ នៅ Premier League ។
បញ្ជីកីឡាកររបួសរបស់តោខៀវ មានដូចជា Armando Broja (ACL), N’Golo Kante, Ben Chilwell (សរសៃពួរ), Wesley Fofana (ជង្គង់) និង Ruben Loftus-Cheek (កំភួនជើង)។ Reece James ក៏ត្រូវអវត្តមានមួយខែទៀតដែរ បន្ទាប់ពីគាត់បានរបួសជង្គង់សាជាថ្មីក្នុងការទទួលជ័យជម្នះលើ Bournemouth ក្រោយបុណ្យណូអែល។
លោក Guardiola បានដក Joao Cancelo និង Phil Foden ចេញពីជម្រើសដំបូងរបស់ Man City ក្នុងការប្រកួត2លើកក្រោយ World Cup ប៉ុន្តែកីឡាករទាំងពីរ ហាក់ពុំមានបញ្ហារបួសអ្វីឡើយ។ Ruben Dias អាចនឹងខកខានក្នុងការបង្ហាញខ្លួនក្នុងការប្រកួតនៅកីឡដ្ឋាន Stamford Bridge យប់នេះជាមួយនឹងបញ្ហាសរសៃពួរ ខណៈ Aymeric Laporte មានបញ្ហាខ្នង។
Julian Alvarez អាចនឹងមានឈ្មោះក្នុងក្រុមរបស់លោក Pep ជាលើកដំបូង ចាប់តាំងពីឈ្នះពានរង្វាន់ World Cup ជាក្រុមក្រុមជម្រើសជាតិអាហ្សង់ទីន។ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ ទំនងជាមិនអាចជាប់ជម្រើស 11 នាក់ដំបូងទេ ដោយសារវត្តមានរបស់ Haaland ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Kepa; Azpilicueta, Silva, Koulibaly, Cucurella; Jorginho, Kovacic, Mount; Ziyech, Havertz, Sterling
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Ederson; Cancelo, Stones, Akanji, Ake; Rodri, De Bruyne, Gundogan; Mahrez, Haaland, Foden
CBS Sport ព្យាករថា ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Chelsea 1-2 Man City ៕