ខ្សែប្រយុទ្ធ Alexander Isak នឹងត្រៀមខ្លួនវិលត្រឡប់មកកាន់ទីលានប្រកួតវិញ ជាមួយក្រុម Newcastle United បន្ទាប់ពីផ្ទេរក្នុងតម្លៃ 63 លានផោនពីក្លិប Real Sociedad ប៉ុន្តែលេងបានទើបតែ 3 ប្រកួតប៉ុណ្ណោះ ដោយរកបាន 2 គ្រាប់។
នៅពេលសួរអំពីកម្រិតកាយសម្បទារបស់ Isak លោក Eddie Howe អ្នកចាត់ការក្រុមសារិកាព្រៃ Newcastle បាននិយាយថា៖ “គេធ្វើបានល្អ គេកាន់តែខិតជិតការត្រឡប់មកវិញហើយ នេះជាអ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបាន”។
Newcastle នឹងប្រកួតជាមួយនឹងក្រុម Sheffield Wednesday និង Leicester City នៅសប្តាហ៍ក្រោយ ក្នុងកម្មវិធីពីរផ្សេងគ្នា។ ប៉ុន្តែ Isak មិនត្រូវបានប្រទះឃើញនៅក្នុងការហ្វឹកហាត់នោះទេ។ គិតមកទល់ពេលនេះ វាមានរយៈពេលជិត 5 ខែហើយចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានរងរបួសភ្លៅ។
ដើមឡើយ លោក Howe មានបំណងដាក់ Isak ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Al-Hilal កាលពីខែធ្នូ ប៉ុន្តែអតីតខ្សែប្រយុទ្ធ Real Sociedad មិនអាចហ្វឹកហាត់ក្នុងអាកាសធាតុក្តៅ នៅប្រទេសអារ៉ាប៊ីសាអូឌីតបានឡើយ៕