ក្លិបថ្មីរបស់ Cristiano Ronaldo ពោលគឺ Al Nassr បាននិយាយថា កុងត្រារបស់គាត់មិនបានដាក់បញ្ចូលនូវការប្តេជ្ញាចិត្តណាមួយដើម្បីគាំទ្រការដេញថ្លៃរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2030 នោះទេ។
របាយការណ៍មួយបានអះអាងថា Ronaldo នឹងទទួលបានទឹកប្រាក់ចំនួន 200 លានអឺរ៉ូ (177 លានផោន) ដើម្បីជួយផ្សព្វផ្សាយនូវការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup របស់អារ៉ាប៊ីសាអ៊ូឌីត។ តារាឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានចុះកុងត្រាជាមួយក្លិប Al Nassr ដោយទទួលបានចំនួន 177 លានផោនក្នុងមួយឆ្នាំ។
ប៉ុន្តែក្លិបបាននិយាយថាកិច្ចព្រមព្រៀងរបស់ Ronaldo ៖ “មិនមានការប្ដេជ្ញាចិត្តចំពោះការដេញថ្លៃ World Cup ណាមួយឡើយ”។
ក្លិបបានបន្ថែមថា៖ “ការផ្តោតសំខាន់របស់គាត់គឺទៅលើ Al Nassr និងដើម្បីធ្វើការជាមួយមិត្តរួមក្រុមរបស់គាត់ដើម្បីជួយក្លិបឱ្យទទួលបានភាពជោគជ័យតែប៉ុណ្ណោះ”។
ប្រធានក្រុមព័រទុយហ្គាល់ Ronaldo បានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីតដោយឥតតម្លៃផ្ទេរ កាលពីខែមុន បន្ទាប់ពីចាកចេញពី Manchester United ក្រោយគាត់បានផ្ដល់បទសម្ភាសដ៏ចម្រូងចម្រាសមួយ ដែលធ្វើឱ្យក្លិបបិសាចក្រហមមិនសប្បាយចិត្តឡើយ។
Ronaldo នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតរបស់ Al Nassr នៅថ្ងៃទី 22 ខែមករាពេលប្រកួតទល់នឹងក្លិប Ettifaq ប៉ុន្តែមុនពេលនោះ គាត់អាចនឹងចូលលេងក្នុងការប្រកួតមិត្តភាពជាមួយក្លិប Paris St-Germain ដែលមានវត្តមានរបស់ Lionel Messi ។
សូមជម្រាបថា អារ៉ាប៊ីសាអ៊ួឌីត ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup 2030 ជាមួយប្រទេសក្រិក និងប្រទេសអេហ្ស៊ីប៕