ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដែលជាក្រុមការពារតំណែងជើងឯក នឹងត្រូវប៉ះវៀតណាម នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ AFF Cup បន្ទាប់ពីពួកគេបានយកឈ្នះម៉ាឡេស៊ី 3-0 ក្នុងជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអង្គារ នៅកីឡដ្ឋាន Thammasat ក្នុងទីក្រុងបាងកក។
ម៉ាឡេស៊ី បាននាំមុខថៃ ក្នុងលទ្ធផល 1-0 កាលពីជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេក្នុងការប្រកួតនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃសៅរ៍ ប៉ុន្តែឈានដល់ជើងទីពីរ គ្រាប់បាល់របស់ Teerasil Dangda, Bordin Phala និង Adisak Kraisorn នៃក្រុមដំរីសឹកថៃ បានធ្វើឱ្យក្រុមជើងឯក 6 សម័យកាលនេះ យកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផលទាំងពីរជើង 3-1 ។
បន្ទាប់ពីចប់ការប្រកួតយប់មិញ អ្នកគាំទ្ររបស់ក្រុមម៉ាឡេស៊ី បានបង្ហាញគោរពចំពោះថៃ ដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយពួកគេបានច្រៀងចម្រៀងរបស់ពួកគេសម្រាប់កីឡាករថៃ។ នេះបើយោងតាមគណនី Twitter របស់ FIFA ។
វៀតណាម ដែលបានយកឈ្នះឥណ្ឌូណេស៊ី 2-0 កាលពីថ្ងៃចន្ទ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនោះ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងទី១ ទល់នឹងថៃ នៅទីក្រុងហាណូយ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ហើយនឹងធ្វើដំណើរទៅប្រកួតនៅទីក្រុងបាងកកវិញ នៅថ្ងៃទី16 ខែមករា ឆ្នាំ 2023 ៕
ទស្សនាវីដេអូតាមតំណភ្ជាប់ខាងក្រោម៖
>>>https://twitter.com/FIFAcom/status/1612857928817451008<<<