×

Southamptonយកឈ្នះMan City ខណៈForestឈ្នះWolves ដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រCarabao Cup

Southampton បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup ឬ Carabao Cup ជាមួយនឹងជ័យជម្នះមិនគួរឱ្យជឿលើ Manchester City ខណៈ Nottingham Forest បានយកឈ្នះលើ Wolves ដើម្បីកក់កន្លែងមួយរបស់ពួកគេ នៅវគ្គបន្ទាប់ផងដែរ។

លោក Pep Guardiola អ្នកចាត់ការ Manchester City បានឱ្យកីឡាករសំខាន់ៗដូចជា Erling Haaland និង Kevin de Bruyne ស្ថិតនៅកៅអីបម្រុង ដើម្បីទុកប្រកួតជាមួយ Manchester United សម្រាប់ក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford នៅចុងសប្ដាហ៍នេះ។

Sekou Mara បានបើកការនាំមុខមុនសម្រាប់ Southampton នៅនាទីទី 23 និង Moussa Djenepo គឺជាម្ចាស់គ្រាប់ទីពីររបស់ក្រុមម្ចាស់ផ្ទះ នៅនាទីទី 28 ដើម្បីធានាលទ្ធផល 2-0 ក្នុងជ័យជម្នះលើ Man City ។

Guardiola បានប្ដូរ De Bruyne និង Haaland ចូលបន្ទាប់ពីម៉ោងសម្រាកវគ្គទីមួយ ប៉ុន្តែវាគ្មានប្រយោជន៍ទេនៅពេលដែល Southampton បានការពារយ៉ាងរឹងមាំ ដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលពួកគេនឹងត្រូវជួបជាមួយ Newcastle United ។

នៅក្នុងការប្រកួតមួយគូផ្សេងទៀត Nottingham Forest បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ជាលើកដំបូងក្នុងរយៈពេល 31 ឆ្នាំ បន្ទាប់ពីយកឈ្នះ Wolves នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់ក្ដី បន្ទាប់ពីស្មើគ្នា 1-1 ។

Forest បានយកឈ្នះ Wolves ក្នុងលទ្ធផល 4-3 ដោយការស៊ុតបាល់ប៉េណាល់ទី ដើម្បីឡើងទៅសងសឹកជាមួយ Man Utd ដែលពួកគេបានចាញ់ក្រុមបិសាចក្រហមក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះ កាលពីឆ្នាំ 1992 ។

Forest បាននាំមុខ Wolves ពីកីឡាករ Willy Boly នៅនាទីទី 18 មុនពេលដែល Raul Jimenez បានរកគ្រាប់តាមស្មើនៅនាទីទី 64 សម្រាប់ក្រុមភ្ញៀវ។ នៅក្នុងការទាត់ប៉េណាល់ទីកាត់ក្ដី អ្នកចាំទី Dean Henderson ដែលខ្ចីជើងពី Man Utd បានជួយសង្គ្រោះបាន 2 បាល់ពីការទាត់ប៉េណាល់ទីរបស់ Wolves ខណៈអ្នកចាំទី Jose Sa បានជួយសង្គ្រោះ 1 បាល់ពីការទាត់របស់ Forest ។

Forest នឹងធ្វើជាម្ចាស់ផ្ទះទទួល Man Utd ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលលេងពីរជើង។ ការប្រកួតនឹងត្រូវចាប់ផ្ដើមនៅចុងខែមករានេះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង