បន្ទាប់ពីការមកដល់របស់ Cristiano Ronaldo នៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងការចុះហត្ថលេខាសម្រាប់ក្លិប Al Nassr គោលដៅបន្ទាប់របស់អារ៉ាប៊ីសាអូឌីតគឺ Lionel Messi របស់ក្លិប Paris Saint Germain ។
សារព័ត៌មាននៅអេស្ប៉ាញ បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតកំពុងទាក់ទាញទេសចរណ៍ និងបានព្យាយាមធ្វើវាតាមរយៈកីឡា។ គោលដៅចម្បងរបស់ពួកគេ គឺចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2030 ជាមួយនឹងការដេញថ្លៃរួមគ្នាជាមួយប្រទេសអេហ្ស៊ីប និងប្រទេសក្រិក។ ដើម្បីអាចធ្វើឱ្យរឿងនេះទៅរួច ពួកគេត្រូវបង្កើនប្រជាប្រិយភាពនៃលីគបាល់ទាត់របស់ពួកគេដើម្បីឱ្យពិភពបាល់ទាត់ងាកមកចាប់អារម្មណ៍។
ក្លិប Al Hilal ដែលជាគូប្រជែងដ៏ធំរបស់ក្លិប Al Nassr ត្រូវបានរាយការណ៍ថាចង់ទិញយក Messi ដោយហ៊ានផ្ដល់ជូនតារាបាល់ទាត់អាហ្សង់ទីន ជាង 300 លានដុល្លារក្នុងមួយឆ្នាំ។
លីគកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត គឺជាលីគដែលល្បីជាងគេនៅក្នុងចំណោមប្រទេសអារ៉ាប់។ ហើយការប្រកួតរវាងក្រុម Al Hilal និង Al Nassr ត្រូវបានគេចាត់ទុកថាជាការប្រកួត ‘El Clasico’ ផងដែរ។
រដ្ឋអារ៉ាប៊ីសាអ៊ូឌីត នឹងជួយក្លិប Al-Hilal ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីអាចចុះហត្ថលេខាជាមួយ Messi ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវលីគរបស់ពួកគេ៕