×

Barcelona ឡើងទៅប៉ះ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ Super Cup

អ្នកចាំទី Marc-Andre ter Stegen បានសង្គ្រោះបាល់ប៉េណាល់ទី 2 គ្រាប់ដើម្បីជួយ Barcelona ឱ្យយកឈ្នះ Real Betis ក្នុងលទ្ធផល 4-2 ពេលស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី បន្ទាប់ពីស្មើ 2-2 នៅក្នុងម៉ោងធម្មតានិងការបន្ថែមម៉ោង នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Super Cup របស់ប្រទេសអេស្ប៉ាញ។

Barcelona នឹងត្រូវជួបជាមួយគូប្រជែងរបស់ពួកគេ គឺ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទខាងមុខ បន្ទាប់ពីក្រុមអធិរាជសរបស់អ្នកចាត់ការ Carlo Ancelotti បានយកឈ្នះក្រុម Valencia ដោយការទាត់បាល់ប៉េណាល់ទីដូចគ្នា។

Barcelona និង Real Betis បានស្មើគ្នានៅក្នុងជាង 120 នាទី នៅកីឡដ្ឋាន King Fahd ក្នុងទីក្រុង Riyadh ។ Robert Lewandowski បានជួយឱ្យ Barcelona នាំមុខនៅនាទីទី 40 ប៉ុន្តែ Nabil Fekir របស់ Betis បានផ្ដល់គ្រាប់តាមស្មើវិញ ពេលនៅសល់ 13 នាទីចុងក្រោយនៃម៉ោងងធម្មតា។ ចូលដល់ការបន្ថែមម៉ោង 15 នាទីពីរដង Ansu Fati បានស៊ុតឱ្យ Barcelona នាំមុខនៅម៉ោងបន្ថែម ប៉ុន្តែ Loren Moron បានរកគ្រាប់តាមស្មើជាលើកទីពីរសម្រាប់ Betis ។

អ្នកចាំទិ Ter Stegen បានជួយសង្គ្រោះការទាត់ប៉េណាល់ទីរបស់ Juanmi និង William Carvalho ហើយ Pedri គឺជាអ្នកទាត់គ្រាប់ជ័យជម្នះសម្រាប់ Barcelona ។

សូមជម្រាបថា Barcelona បានបញ្ចប់រដូវកាលមុន ដោយមិនបានឈ្នះពានរង្វាន់ណាមួយឡើយ។ ពួកគេបានវិនិយោគទៅលើកីឡាករថ្មីៗជាច្រើនក្នុងទីផ្សារដោះដូរកីឡាករ ទោះបីជាក្លិបកំពុងស្ថិតក្នុងបំណុលក៏ដោយ។ ដូច្នេះ លោក Xavi អ្នកចាត់ការទូទៅរបស់ Barcelona និងក្រុមរបស់គាត់ នឹងព្យាយាមដើម្បីស្វែងរកពានរង្វាន់ណាមួយនៅរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង