
Lionel Messi និង Kylian Mbappe ស្ថិតនៅក្នុងចំណោមបេក្ខភាពទាំង 14 នាក់សម្រាប់ប្រជែងពានរង្វាន់កីឡាករឆ្នើមរបស់ FIFA Best Men’s Player បន្ទាប់ពីឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ World Cup កាលពីខែមុន។

ទោះបីជាយ៉ាងណា Cristiano Ronaldo មិនបានជាប់ឈ្មោះក្នុងបញ្ជីនោះទេ ដោយសារការបង្ហាញទម្រង់មិនបានល្អនៅក្នុងការប្រកួត World Cup និងនៅក្លិប Manchester United មុនផ្ទេរទៅកាន់ក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បញ្ជីនេះបោះឆ្នោតបានបើកភ្លាមៗ ហើយការបោះឆ្នោតនឹងដំណើរការរហូតដល់ថ្ងៃទី 3 ខែកុម្ភៈ មុនពេលអ្នកឈ្នះនឹងត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់របស់ FIFA ។
Messi ជាកីឡាករដែលលេចធ្លោ ដោយបានស៊ុតបញ្ចូលទីបាន 7 គ្រាប់នៅក្នុងប្រទេសកាតា នៅពេលដែលអាហ្សង់ទីន បានលើកពាន World Cup ។ គាត់ទទួលបានពានរង្វាន់បាល់មាសក្នុងនាមជាកីឡាករល្អបំផុតនៅ World Cup ។
សូមជម្រាបថា អ្នកឈ្នះពានរង្វាន់ FIFA នឹងត្រូវវាយតម្លៃលើការបង្ហាញទម្រង់នៅចន្លោះខែសីហា ឆ្នាំ 2021 ដល់ខែធ្នូ ឆ្នាំ 2022។ ក្នុងរយៈពេល 16 ខែនេះ Messi ក៏បានចាប់ផ្ដើមលេងជាមួយក្លិប PSG ក្នុងរដូវកាលដំបូង ដោយគាត់បានស៊ុតបញ្ចូលទីបានត្រឹមតែ 6 គ្រាប់ប៉ុណ្ណោះនៅក្របខណ្ឌ Ligue 1។
Kylian Mbappe ដែលជាមិត្តរួមក្រុមរបស់ Messi នៅ PSG បានទទួលពានរង្វាន់ស្បែកជើងមាស បន្ទាប់ពីបញ្ចប់ការប្រកួត World Cup ដោយរកបាន 8 គ្រាប់សម្រាប់ក្រុមជម្រើសជាតិបារាំង។
បញ្ជីឈ្មោះនឹងត្រូវកាត់សល់តែ 3 នាក់ប៉ុណ្ណោះនៅខែក្រោយ។ សូមបញ្ជាក់ថា បញ្ជីឈ្មោះបេក្ខភាពទាំង 14 នាក់រួមមាន៖ 1. Lionel Messi (PSG) 2. Kylian Mbappe (PSG) 3. Neymar (PSG) 4. Achraf Hakimi (PSG) 5. Luka Modric (Real Madrid) 6. Karim Benzema (Real Madrid) 7. Vinicius Jr (Real Madrid) 8. Kevin De Bruyne (Man City) 9. Erling Haaland (Man City) 10. Julian Alvarez (Man City) 11. Jude Bellingham (Borussia Dortmund) 12. Robert Lewandowski (Barcelona) 13. Sadio Mane (Bayern Munich) 14. Mohamed Salah (Liverpool)៕

