លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានបញ្ជាក់ថា ក្រុមរបស់លោកនឹងស៊ុតបញ្ចូលទីទល់នឹងក្រុមវៀតណាម ក្នុងជើងទី 1 នៃវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Cup 2022 នៅនៅកីឡដ្ឋាន My Dinh នាទីក្រុងហាណូយប្រទេសវៀតណាម។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅទីក្រុងហាណូយ លោក Polking បាននិយាយថា៖ “យើងត្រូវការលទ្ធផលល្អ ប៉ុន្តែតើអ្វីទៅជាលទ្ធផលល្អ? វាល្អក្នុងការទទួលបានលទ្ធផលស្មើ ប៉ុន្តែវាជាការប្រសើរក្នុងការឈ្នះ។ ពួកយើងមិនបានមកទីនេះដើម្បីលេងការពារទេ។ យើងចង់ស៊ុតបញ្ចូលទី។ វាជារឿងល្អប្រសិនបើយើងស៊ុតបញ្ចូលទីនៅកីឡដ្ឋាន My Dinh”។
គ្រូបង្វឹកវ័យ 46 ឆ្នាំរំពឹងថា ការប្រកួតជើងទី 2 វគ្គផ្ដាច់ព្រ័ត្រនឹងពោរពេញដោយភាពរំជើបរំជួល។ កាលពីឆ្នាំ 2020 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថៃបានយកឈ្នះវៀតណាម 2-0 ក្នុងជើងទីមួយ និងស្មើ 0-0 នៅជើងទីពីរ។
លោក Polking បានចំណាយពេល 10 ឆ្នាំ ក្នុងការបង្វឹកក្លិបថៃ និងក្រុមជម្រើសជាតិរបស់ពួកគេ។ គាត់ក៏បានដឹកនាំក្លិប HCMC FC នៅក្របខណ្ឌលីគកំពូលរបស់វៀតណាមពីឆ្នាំ 2020-2021 ផងដែរ។ ផ្អែកលើបទពិសោធន៍របស់គាត់នៅវៀតណាម គាត់បាននិយាយថា គាត់បានដឹងពីស្មារតីប្រយុទ្ធរបស់កីឡាករវៀតណាម។
ការប្រកួតជើងទីមួយរវាងវៀតណាម ជាមួយថៃ នឹងធ្វើឡើងនៅម៉ោង 7:30 នាទីយប់នេះ ហើយការប្រកួតជើងទីពីរ នឹងចាប់ផ្ដើមនៅថ្ងៃទី 16 ខែមករា នៅកីឡដ្ឋាន Thammasat នាទីក្រុងបាងកក ប្រទេសថៃ៕