Manchester United និង Manchester City នឹង ប្រកួត នៅក្របខណ្ឌ Premier League ដែលជាការសងសឹករបស់ក្រុមបិសាចក្រហមដែលបានរងបរាជ័យនៅក្នុងដីរបស់ក្រុមមេឃខៀវ កាលពីជើងទីមួយ។
ការប្រកួតនៅកីឡដ្ឋាន Old Trafford យប់នេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 7:25 នាទីតទៅ។
Man United ស្ថិតក្នុងទម្រង់ដ៏ល្អបំផុតរបស់ពួកគេក្រោមការដឹកនាំរបស់លោក Erik ten Hag នាពេលបច្ចុប្បន្ន ចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍កាលពី 10 ឆ្នាំមុន។ Man City ហាក់មានទម្រង់ឡើងចុះមិនទៀងក្នុងពេលមួយរយៈនេះ ហើយពួកគេបានត្រឡប់មកពីបរាជ័យក្រោមថ្វីជើងរបស់ក្រុម Southampton កាលពីពាក់កណ្ដាលសប្ដាហ៍នេះ នៅក្នុងការប្រកួតពានរង្វាន់ Carabao Cup ។
Bruno Fernandes នឹងត្រលប់មកវិញដើម្បីជួយ Man Utd បន្ទាប់ពីត្រូវបានព្យួរនៅក្នុងការប្រកួត Carabao Cup ដែលពួកគេបានយកឈ្នះ Nottingham Forest ហើយទំនងជានឹងធ្វើជាប្រធានក្រុមផងដែរ។ Anthony Martial អាចនឹងត្រលប់មកវិញ បន្ទាប់ពីសម្រាកនៅការប្រកួតពាក់កណ្តាលសប្តាហ៍។ Raphael Varane អាចនឹងចូលលេងផងដែរ។ កីឡាករដែលនឹងអវត្តមាននៅយប់នេះ គឺ Donny van de Beek និង Jadon Sancho ។
ក្រឡេកមកក្រុមភ្ញៀវវិញ នឹងមិនមានខ្សែការពារ John Stones និង Ruben Dias ដោយសាររបួស ប៉ុន្តែលោក Pep Guardiola អ្នកចាត់ការ City នឹងរៀបចំក្រុមមួយដ៏ល្អ បន្ទាប់ពីក្រុមទទួលការខកចិត្តក្នុងការប្រកួត Carabao Cup ។
United បានចាញ់ City 4 ដងក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេ និងរបូតគ្រាប់បាល់ 10 គ្រាប់ក្នុង 2 ប្រកួតចុងក្រោយ។ ប៉ុន្តែ អ្វី ដែលខុស ប្លែក នៅ ពេល នេះ គឺទម្រង់លេងដ៏ល្អរបស់ក្រុមបិសាចក្រហម ខណៈក្រុមមេឃខៀវមិនទាន់ឈានដល់កម្រិតដែលពួកគេបានយកឈ្នះ United 6-1 នោះទេ ។
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1 ៖
De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Eriksen; Antony, Fernandes, Rashford; Martial
នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 4-3-3 ៖
Ederson; Lewis, Laporte, Akanji, Ake; Gundogan, Rodri, De Bruyne; Mahrez, Haaland, Grealish
CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man Utd 2-1 Man City ៕