Chelsea បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអ៊ុយក្រែន Mykhailo Mudryk ពីក្លិប Shakhtar Donetsk ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ 89 លានផោន។
កីឡាករវ័យ 22 ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល 8 ឆ្នាំកន្លះ ក្នុងតម្លៃ 70 លានអឺរ៉ូ (62 លានផោន) បូករួមទាំងប្រាក់បន្ថែមចំនួន 30 លានអឺរ៉ូ (27 លានផោន)។
Mudryk ស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុងការបង្ហាញខ្លួន 12 ប្រកួតសម្រាប់ Shakhtar នៅរដូវកាលនេះ។ កីឡាករដែលបានបង្ហាញខ្លួនចំនួន 8 ដងសម្រាប់ក្រុមជម្រើសជាតិអ៊ុយក្រែនចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងខែមិថុនា ឆ្នាំ 2022 បានបង្ហាញខ្លួននៅកីឡដ្ឋាន Stamford Bridge ដើម្បីមើលការប្រកួតក្របខណ្ឌ Premier League របស់ Chelsea ជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។
Mudryk គឺជាកីឡាករចំណូលថ្មី ទី 5 របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ បន្ទាប់ពីការមកដល់របស់ Joao Felix ក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid បូករួមទាំងកីឡាករចំណូលថ្មី Benoit Badiashile, David Datro Fofana និង Andrey Santos ផងដែរ។
គួរបញ្ជាក់ថា Chelsea បានចំណាយប្រាក់ជាង 400 លានផោនលើការផ្ទេរកីឡាករ ចាប់តាំងពីអ្នកជំនួញជនជាតិអាមេរិក Todd Boehly បានកាន់កាប់ក្លិបក្នុងខែឧសភា ឆ្នាំ 2022៕