អ្នកចាត់ការ Xavi បានជួយឱ្យ Barcelona ឈ្នះពានរង្វាន់ជាលើកដំបូង ចាប់តាំងពីគាត់បានក្លាយជាអ្នកចាត់ការរបស់ពួកគេ បន្ទាប់ពីក្រុមអ្នកមានបុណ្យ បានយកឈ្នះលើគូប្រជែង Real Madrid ដោយលទ្ធផល 3-1 ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup កាលពីយប់មិញ។
Barcelona បានគ្រប់គ្រងការប្រកួត ដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបាននាំមុខដោយ Gavi ចេញពីការបញ្ជូនរបស់ Robert Lewandowski ។ បន្ទាប់មក Lewandowski បានបន្ថែមគ្រាប់ទីពីរនៅចុងវគ្គទីមួយពីការបញ្ជូនរបស់ Gavi វិញផងដែរ។ Gavi បានបញ្ជូនឱ្យ Pedri ដើម្បីសម្រេចទីគ្រាប់ទីបី នៅក្នុងវគ្គទីពីរ មុនពេល Karim Benzema រកបានមួយគ្រាប់មកវិញសម្រាប់ក្រុមអធិរាជស Real Madrid ។
Barcelona បានឈ្នះពានរង្វាន់ Super Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 2018 ។ កាលពីខែតុលា ក្រុមទាំងពីរបានប៉ះគ្នាក្នុងជំនួប El Clasico ជាលើកដំបូងក្នុងរដូវកាលនេះ ហើយពេលនោះ Real Madrid បានយកឈ្នះក្នុងលទ្ធផល 3-1។
ប៉ុន្តែ Barcelona បច្ចុប្បន្នកំពុងឈរកំពូលតារាង La Liga មាន 3 ពិន្ទុដាច់ពីក្រុម Real ។ ពួកគេ មិនស្គាល់ពាក្យថាចាញ់ចំនួន 9 ប្រកួតជាប់ៗគ្នា នៅគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះ៕