×

Arsenal ដាច់កាន់តែឆ្ងាយពីក្រុមលេខ2 លើតារាងEPL ក្រោយឈ្នះ Spurs

Arsenal បានបន្ថែមពិន្ទុនាំមុខរបស់ពួកគេនៅលើកំពូលតារាង Premier League បន្ទាប់ពីជ័យជម្នះក្នុងការប្រកួត North London Derby កាលពីយប់ថ្ងៃអាទិត្យ ខណៈក្រុមកាំភ្លើងធំ បាននាំមុខរហូតដល់ទៅ 8 ពិន្ទុលើក្រុមលេខ 2 Manchester City ក្រោយយកឈ្នះលើ Tottenham Hotspur ក្នុងលទ្ធផល 2-0។

ក្រុមកាំភ្លើងធំ ពេញចិត្តចំពោះលទ្ធផលរបស់ពួកគេ ដែលធ្វើបានមួយថ្ងៃបន្ទាប់ពី Manchester City បានរងបរាជ័យនៅកីឡដ្ឋាន Old Trafford របស់ Manchester United កាលពីថ្ងៃសៅរ៍។

ក្នុងវគ្គទីមួយ អ្នកចាំទី Hugo Lloris របស់ Spurs បានចាប់ភ្លាត់ស្នៀតពីការបញ្ចូលរបស់ Bukayo Saka បណ្ដាលឱ្យចូលទីខ្លួនឯង នៅនាទីទី 14 មុនពេលដែលប្រធានក្រុម Martin Odegaard របស់ក្រុមកាំភ្លើងធំ ស៊ុតបញ្ចូលទីពីលើដំបូលទូក មុនការសម្រាក 45 នាទីដំបូងនៃការប្រកួត។

Spurs ដែលលេងមិនសូវល្អក្នុងវគ្គទី 1 មានឱកាសផងដែរ ប៉ុន្តែអ្នកចាំទី Aaron Ramsdale របស់ Arsenal បានសង្គ្រោះពីរដងក្នុងវគ្គទី 2 ពី Harry Kane ហើយថែមទាំងបានបញ្ឈប់ការស៊ុតរបស់ Ryan Sessegnon ទៀតផង។

ជ័យជម្នះនេះ ធ្វើឱ្យក្រុមរបស់លោក Mikel Arteta មាន 47 ពិន្ទុពីការប្រកួតលីគចំនួន 18 ប្រកួត ហើយប្រកួតក្រោយ Arsenal ត្រូវទទួលក្រុមភ្ញៀវ Manchester United ដែលជាការប្រកួតដ៏សំខាន់ ខណៈក្រុមបិសាចក្រហមកំពុងឡើងជើងចាប់តាំងពីវិលត្រឡប់ពីព្រឹត្តិការណ៍ FIFA World Cup 2022 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង