លោក Pep Guardiola បានបញ្ជាក់ថា Manchester City ត្រូវតែរកវិធីដើម្បីធ្វើឱ្យ Erling Haaland ចូលរួមបន្ថែមទៀត នៅពេលដែលពួកគេគ្រប់គ្រង់បាល់។
Haaland ពុំសូវឃើញនោះទេ អំឡុងបរាជ័យក្រោមថ្វីជើងរបស់ក្រុម Manchester United ក្នុងលទ្ធផល 2-1 នៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ហើយបានប៉ះបាល់តែ 19 ដងប៉ុណ្ណោះក្នុងការប្រកួត។
Haalnd គឺជាម៉ាស៊ីនរកគ្រាប់បាល់របស់ City មុនព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ប៉ុន្តែកីឡាករសញ្ជាតិន័រវែសរូបនេះ ហាក់មានការធ្លាក់ជើងបន្តិចបន្ទាប់ពីមិនបានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលអាហ្សង់ទីនបានក្លាយជាក្រុមជើងឯក។
អតីតខ្សែបម្រើរបស់ City លោក Didi Hamaan បានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ ថា Man City “ជាក្រុមដែលប្រសើរជាងដោយគ្មាន Haaland ទោះបីជាគេនឹងស៊ុតបញ្ចូលទីបាន 40 គ្រាប់ក្នុងរដូវកាលនេះក៏ដោយ”។
លោក Guardiola ទំនងជាមិនយល់ស្របនឹងរឿងនោះទេ ប៉ុន្តែគាត់នឹងព្យាយាមធ្វើឱ្យ Haaland សម្របខ្លួនជាមួយនឹងប្រព័ន្ធលេងរបស់ City។ គាត់បាននិយាយថា៖ “នៅពេលនេះ ពួកយើងកំពុងធ្វើវាហើយ ពីព្រោះនៅពេលដែលគូប្រជែងយើងលេងការពារក្នុងប្រអប់ វាកាន់តែពិបាកសម្រាប់ពួកយើង ប៉ុន្តែពួកយើងត្រូវតែបង្កើនឱកាសដើម្បីបោះបាល់ឱ្យគេបន្ថែមទៀត”៕