×

លឹម ពិសុទ្ធ ត្រូវបានសារព័ត៌មានថៃចាត់ទុកជាកីឡាករសក្តិសមលេងនៅលីគបាល់ទាត់របស់ខ្លួន

ខ្សែបម្រើ លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមទាំង 11 នាក់ ប្រចាំព្រឹត្តិការណ៍ AFF Cup 2022 ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃទី 16 ខែមករា ឆ្នាំ 2023 ខណៈក្រុមបាល់ទាត់ជម្រើសជាតិថៃ បានក្លាយជាម្ចាស់ពានរង្វាន់ដើម្បីការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីយកឈ្នះវៀតណាម ក្នុងលទ្ធផល 3-2 ទាំងពីរជើងនៅវគ្គផ្ដាច់ព្រ័ត្រ។

ក្នុងឱកាសនេះ ការប្រកាសលទ្ធផលកីឡាករឆ្នើម និងអ្នកស៊ុតបញ្ចូលទី ដែលត្រូវទទួលប្រាក់រង្វាន់ ក៏បានធ្វើឡើងផងដែរ។ ជាមួយគ្នានេះ សារព័ត៌មានថៃ បានងាកមកចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជា ដែលបានស៊ុតបញ្ចូលទីទៅក្រុមជម្រើសជាតិរបស់ខ្លួន 1 គ្រាប់នៅក្នុងការប្រកួតចុងក្រោយ នៃពូល A ។

នេះគ្រាន់តែជាគ្រាប់បាល់មួយក្នុងចំណោមគ្រាប់បាល់ទាំង 10 របស់កម្ពុជា ដែលបានស៊ុតបញ្ចូលទីទៅលើគូប្រកួតប៉ុណ្ណោះ។ សម្រាប់ លឹម ពិសុទ្ធ បានស៊ុតបញ្ចូលទី 2 គ្រាប់ (ស្មើជាមួយខ្សែប្រយុទ្ធ រឹង ប៊ុនហៀង) ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ 2022 ។

យោងតាមសាព័ត៌មាន Siamsport បានសរសេរថា៖ ” ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ត្រឹមវគ្គចែកពូលក៏ដោយ ក៏ទម្រង់លេងរបស់កម្ពុជាបានឆក់យកបេះដូងរបស់អ្នកគាំទ្រកីឡាបាល់ទាត់ ដែលបានធ្វើឱ្យគូប្រកួតរបស់ពួកគេមានការពិបាក។ ដោយខ្សែប្រយុទ្ធវ័យ 21 ឆ្នាំ លឹម ពិសុទ្ធ បានបង្ហាញការលេងយ៉ាងលេចធ្លោ មុនពេលស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួត។ បើតាមការមើលឃើញប្រហែលជាយើងនឹងឃើញគាត់នៅក្នុង Thai League “៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង