កាលពីថ្ងៃទី17 ខែមករា ឆ្នាំ2023 នៅក្នុងវិទ្យាល័យអង្គរ ខេត្តសៀមរាប ពិធីសម្ពោធទីលាននិងសាលាតម្រង់ទិសកីឡាបាល់ទាត់ទាំង 25 រាជធានីខេត្ត និងការដាក់ដំណើរការកម្មវិធីអភិវឌ្ឍបាល់ទាត់តាមសាលារៀន (FIFA Football for Schools) ត្រូវបានធ្វើឡើងជាផ្លូវការ។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី Fatimata Sidibe ប្រតិភូតំណាង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមជាមួយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក កែវ សារ៉េត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្នុងឱកាសនេះ ក៏មានវត្តមានរបស់ក្រុមមន្ត្រីជាច្រើននាក់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។
កម្មវិធីអភិវឌ្ឍបាល់ទាត់តាមសាលារៀន គឺជាកម្មវិធីមហិច្ឆតាមួយដែលដំណើរការដោយ FIFA សហការជាមួយអង្គការយូណេស្កូ ដែលមានគោលបំណងចូលរួមចំណែកក្នុងការអប់រំ ការអភិវឌ្ឍ និងការជួយដល់កុមារប្រមាណ 700 លាននាក់។ កម្មវិធីនេះ ធ្វើឱ្យកីឡាបាល់ទាត់កាន់តែងាយស្រួលសម្រាប់កុមារាកុមារី នៅជុំវិញពិភពលោក ដោយបញ្ចូលសកម្មភាពកីឡាបាល់ទាត់ទៅក្នុងប្រព័ន្ធអប់រំ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ។
កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ជំនាញ និងបំណិនជីវិត តាមរយៈបាល់ទាត់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា