Arsenal ត្រូវបានរាយការណ៍ថានឹងឈានការចុះហត្ថលេខាជាមួយកីឡាករទីពីរក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ ពោលគឺខ្សែការពារសញ្ជាតិប៉ូឡូញ Jakub Kiwior ។
ខ្សែការពារដែលមានភាពបត់បែនរូបនេះ បានទទួលការចាប់អារម្មណ៍នៅអាយុត្រឹមតែ 22 ឆ្នាំប៉ុណ្ណោះ ជាមួយនឹងក្រុម Spezia នៃក្របខណ្ឌ Serie A ។ ការមកដល់របស់គេ នឹងពង្រឹងតំបន់ការពាររបស់ក្រុមកាំភ្លើងធំ ខណៈកិច្ចព្រមព្រៀងត្រូវបានរាយការណ៍ថាមានតម្លៃប្រហែល 17.5 លានផោន។
អ្នកជំនាញដោះដូរកីឡាករ Fabrizio Romano បានបង្ហាញថា កិច្ចព្រមព្រៀងរវាង Arsenal និង Kiwior មានសុពលភាពដល់ខែមិថុនា ឆ្នាំ 2028 បន្ទាប់ពីការធ្វើតេស្តសុខភាពទទួលបានជោគជ័យកាលពីថ្ងៃសៅរ៍កន្លងទៅ។
ក្រុមកាំភ្លើងធំ ក៏ទើបតែបាននាំយកកីឡាករ Leandro Trossard របស់ Brighton បន្ទាប់ពីខកខាននៅក្នុងការនាំយក Mykhailo Mudryk ដែលបានផ្លាស់ទៅកាន់គូប្រជែង Chelsea ។
បន្ទាប់ពីត្រូវបានសួរពី Kiwior លោក Mikel Arteta អ្នកចាត់ការរបស់ Arsenal បានឆ្លើយតបថា៖ “យើងមិនអាចនិយាយអំពីកីឡាករដែលយើងមិនទាន់បានចុះហត្ថលេខានោះទេ។ នៅពេលទទួលជោគជ័យ យើងនឹងអាចប្រកាសបាន”។
Kiwior បានចូលរួមជាមួយក្លិប Spezia ពីក្លិង MSK Zilina នៅប្រទេសស្លូវ៉ាគី កាលពីឆ្នាំ 2021 និងបានបង្ហាញខ្លួន 43 ដងនៅលីគប្រទេសអ៊ីតាលី៕