អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos ត្រូវបានសហព័ន្ធបាល់ទាត់ប៉ូឡូញ ប្រកាសតែងតាំងមកជាគ្រូបង្វឹកក្រុមជម្រើសជាតិខ្លួនជាផ្លូវការហើយ។
បុរសវ័យ៦៨ឆ្នាំ ធ្លាប់បានដឹកនាំព័រទុយហ្គាល់តាំងពីឆ្នាំ២០១៤ ដោយដឹកនាំចំនួន១០៩ប្រកួតនិងបានពានរង្វាន់ UEFA Euro 2016 និង UEFA Nations League 2018-19។ ទោះយ៉ាងណា លោក Santos បានរងការរិះគន់យ៉ាងខ្លាំងរឿងមិនព្រមដាក់ កីឡាកររកគ្រាប់បាល់ច្រើនជាងគេរបស់ព័រទុយហ្គាល់ Cristiano Ronaldo ទៅក្នុងជម្រើសដំបូង ក្នុងការប្រកួតទល់នឹងក្រុមមារ៉ុក ដែលធ្វើឱ្យពួកគេធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នាប្រទេសកាតា។
បន្ទាប់ពីនោះមក លោក Santos ក៏បានលាលែងពីតំណែងនៅក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយក៏ត្រូវបានប៉ូឡូញទាក់ទងយកមកដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេនៅពេលនេះ។
ក្នុងឱកាសបង្ហាញខ្លួនជាគ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញជាផ្លូវការនោះ លោក Fernando Santos បានបញ្ចេញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ចាប់ពីពេលនេះ ខ្ញុំជាផ្នែកមួយនៃក្រុមជម្រើសជាតិប៉ូឡូញ ហើយខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយក្រុមនេះទទួលបានជោគជ័យ ព្រោះវាមិនត្រឹមតែជោគជ័យសម្រាប់កីឡាករទេ តែវាសម្រាប់ប្រជាជនប៉ូឡូញទាំងអស់ផងដែរ។”
សូមបញ្ជាក់ថា ការមកកាន់តំណែងនៅក្រុមជម្រើសជាតិប៉ូឡូញនេះ គឺលោក Fernando Santos បានមកជំនួសកន្លែងរបស់លោក Czeslaw Michniewicz ដែលផុតកុងត្រាកាលពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
លោក Santos ក៏ជាគ្រូបង្វឹកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមប៉ូឡូញដែរ ដែលមានបទពិសោធន៍ជាអន្តរជាតិនិងបានឈ្នះពានរង្វាន់មកកាន់តំណែង បន្ទាប់ពីលោក Leo Beenhakker ជនជាតិហុល្លង់ដែលបានដឹកនាំក្រុមចន្លោះឆ្នាំ ២០០៦-០៩៕