យោងតាមកាសែត The Guardianបានចុះផ្សាយថា លោក Farhad Moshiri បានដាក់លក់ក្លិបបាល់ទាត់ Everton ក្នុងតម្លៃជាង 500 លានផោន បន្ទាប់ពីកាន់កាប់ភាគហ៊ុនរបស់ក្លិប 94 % កាលពីខែមករា ឆ្នាំ 2022 ។
បន្ទាប់ពីលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្លិបបាល់ទាត់ Arsenal ក្នុងឆ្នាំ 2016 លោក Farhad Moshiri បានបើកការដេញថ្លៃទិញយកក្លិបបាល់ទាត់ Everton ។ នៅចុងខែកុម្ភៈនៃឆ្នាំដដែល អ្នកជំនួញអង់គ្លេស-អ៊ីរ៉ង់រូបនេះ បានទិញភាគហ៊ុន 49.9% នៅក្លិប Everton ។
ប៉ុន្តែការកាន់កាប់របស់គាត់ មិនបានធ្វើឱ្យ Everton ប្រសើរឡើងឡើយ។ ក្នុងរយៈពេល 6 ឆ្នាំរបស់គាត់ ក្រុមស្ករគ្រាប់ហាក់ដូចជាកាន់តែអាក្រក់ទៅៗ ទាំងក្នុង និងក្រៅទីលាន។ មានការផ្លាស់ប្ដូរអ្នកចាត់ការអចិន្ត្រៃយ៍ចំនួន 6 នាក់ ដែលថ្មីៗនេះ ក្លិបទើបតែបានបញ្ចប់តំណែងរបស់លោក Frank Lampard ។
បច្ចុប្បន្ន Everton កំពុងឈរនៅចំណាត់ថ្នាក់លេខ 19 ក្នុងតំបន់កាត់ចោល ដោយមាន 15 ពិន្ទុពីការប្រកួតចំនួន 20 ដងកន្លងមក នៅក្របខណ្ឌ Premier League ៕