×

គ្រូជម្រើសជាតិហុល្លង់ថ្មីថា នឹងដឹកនាំក្រុមដោយប្រើទម្រង់ចាស់ដែលក្រុមធ្លាប់ប្រើពីមុនវិញ

គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិហុល្លង់ លោក Ronald Koeman បាននិយាយថា នឹងនាំក្រុម ដោយប្រើទម្រង់ចាស់បុរាណដែលក្រុមធ្លាប់ប្រើពីមុនវិញ។

លោក Koeman ត្រូវបានក្រុមជម្រើសជាតិហុល្លង់នាំយកមកដឹកនាំបន្តពីលោក Van Gaal រួចមកហើយកាលពីឆ្នាំកន្លងទៅ ប៉ុន្តែលោកទើបតែត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីពេលថ្មីៗនេះ។ ក្រោយចូលកាន់តំណែងផ្លូវការ បុរសវ័យ ៦០ឆ្នាំ បាននិយាយថា លោកនឹងប្រើយុទ្ធសាស្ត្រក្រុមដូចកាលពីមុន ដែលនេះមានន័យថាលោក Koeman នឹងកែទម្រង់របស់លោក Lous Van Gaal។ ទម្រង់របស់លោក Koeman នឹងលេងដោយមានខ្សែការពារ ៤រូបជាគោលដ៏សំខាន់ជាជាងលេងដោយប្រើខ្សែការពារ ៣នាក់ និងខ្សែការពារស្លាប ២នាក់ដូចដែលលោក Van Gaal ប្រើរយៈពេលជាង ១៨ខែកន្លងមក។

លោក Koeman បាននិយាយថា៖ “តាមការគ្រោងទុក យើងនឹងវិលត្រលប់ទៅប្រើប្រាស់ប្រព័ន្ធលេងចាស់ ដែលយើងធ្លាប់ប្រើពីមុនមក។ ខ្ញុំនឹងផ្លាស់ប្តូរប្រព័ន្ធនៅពេលណាដែលចាំបាច់ ប៉ុន្តែយើងនឹងធ្វើតាមគ្រោងទម្រង់ចាស់ជាមួយខ្សែការពារ ៤រូប។”

ទម្រង់លេងចាស់ដែលលោក Koeman នឹងប្រើប្រាស់នាពេលដែលលោកមកដឹកនាំវិញនេះគឺ ៤-៣-៣ ដូចនឹងកាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលជាទម្រង់អាចប្រែប្រួលទៅតាមសណ្ឋានការប្រកួតដោយអាចប្រែក្លាយជាទៅប្រព័ន្ធការពារ ៤-៥-១។ មិនត្រឹមតែទាក់ទងនឹងទម្រង់លេងប៉ុណ្ណោះទេលោក Koeman ក៏បានដាក់គោលដៅថានឹងប្រជែងពានរង្វាន់ណាមួយឱ្យបាន ដោយចាប់ផ្តើមដំបូងគឺជាមួយពានរង្វាន់ UEFA Nations League ក្នុងខែមិថុនាខាងមុខនេះ។

ហុល្លង់ជាប្រទេសដែលធ្វើជាម្ចាស់ផ្ទះវគ្គ៤ក្រុមចុងក្រោយព្រឹត្តិការណ៍ Nations League ដោយក្នុងនោះមានក្រុម ៣ផ្សេងទៀតដូចជា ក្រូអាត អ៊ីតាលី និងអេស្ប៉ាញ។ ពួកគេនឹងត្រូវប្រកួតជម្រុះក្នុងពូលនៃពានរង្វាន់ UEFA Euro 2024 ទល់នឹងបារាំង នៅថ្ងៃទី២៤ ខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង