×

លោក Mikel Arteta ថា ជំនួបទល់នឹង Man City គឺជាពេលវេលាមានសារៈសំខាន់បំផុតសម្រាប់ Arsenal

លោក Mikel Arteta គ្រូបង្វឹក Arsenal បាននិយាយថា ការប្រកួតទល់នឹង Man City គឺជាពេលវេលាមានសារសំខាន់បំផុតសម្រាប់ក្រុមរបស់លោក ដើម្បីវាស់ស្ទង់ពីភាពរីកចម្រើន។

ជាការពិត Arsenal និង Man City គឺជាក្រុមដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង នៅទឹកដីអង់គ្លេសរដូវកាលនេះ។ ក្រុមទាំង២នឹងត្រូវជួបប្រកួតគ្នា ក្នុងជុំទី៤ ពានរង្វាន់ FA Cup នាទឹកដី Etihad នាយប់នេះ។

ក្នុងនោះដែរ លោក Arteta ដែលបានដឹកនាំ Arsenal ឈ្នះពានរង្វាន់ FA Cup 2019-20 បាននិយាយថា បើឈ្នះការប្រកួតទល់នឹង Man City នេះ នោះវាជាការផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេងសម្រាប់ក្រុមរបស់លោកក្នុងការប្រកួតផ្សេងៗទៀត។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងថា៖ “យប់នេះ វាជាការប្រកួតដ៏សំខាន់ខ្លាំងណាស់ ហើយពិតណាស់យើងត្រូវតែព្យាយាមស្វែងរកនូវជ័យជម្នះឱ្យបាន។ វាជាការសាកល្បងយ៉ាងធំមួយសម្រាប់ពួកយើង តែបើយើងអាចឈ្នះការប្រកួតនេះ វានឹងក្លាយជាជោគជ័យដ៏អស្ចារ្យ ហើយវាជំរុញទឹកចិត្ត និងភាពជឿជាក់របស់យើង ឱ្យឈានឡើងមួយកម្រិតទៀត។”

សូមបញ្ជាក់ថា មុនមកដឹកនាំ Arsenal លោក Mikel Arteta ធ្លាប់ជាជំនួយការរបស់លោក Pep Guardiola គ្រូបង្វឹក Man City ដោយអ្នកទាំងពីរបានរួមការងារជាមួយគ្នា ចាប់ពីឆ្នាំ២០១៦-១៩។

នៅរដូវកាលនេះ លោក Arteta បានជួយក្រុមមានភាពរីកចម្រើនជាខ្លាំង ដោយនៅក្របខណ្ឌ Premier League ក្រុម Arsenal កំពុងឈរកំពូលតារាងមាន៥០ពិន្ទុ ឆ្លងកាត់១៩ប្រកួត ពីលើក្រុម Man City ដែលកំពុងឈរនៅលេខ២ ចំនួន៥ពិន្ទុ តែ Arsenal លេងយឺតជាង១ប្រកួតទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង