កម្មវិធីចាប់ឆ្នោតផ្គូផ្គងវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ UEFA Nations League 2022-23 បានបញ្ចប់រួចរាល់ហើយ ដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប នាទីក្រុង Nyon ប្រទេសស្វីស។
ជាលទ្ធផលនៃការផ្គូផ្គងនេះគឺ ក្រុមជម្រើសជាតិក្រូអាតត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះហុល្លង់ រីឯក្រុមជម្រើសជាតិអ៊ីតាលីត្រូវប៉ះក្រុមជម្រើសជាតិអេស្ប៉ាញ។
ក្រុមជម្រើសជាតិទាំង៤នេះ សុទ្ធតែជាក្រុមឈ្នះការប្រកួតក្នុងលីគ A របស់ខ្លួន កាលពីឆ្នាំមុន ហើយនឹងត្រូវប្រកួតប្រជែងក្នុងឆ្នាំនេះ ដើម្បីស្វែងរកម្ចាស់ជើងឯក។
សម្រាប់កាលបរិច្ឆេទនៃការប្រកួតវិញ គឺហុល្លង់នឹងត្រូវប៉ះក្រូអាតនៅថ្ងៃទី១៤ ខែមិថុនា នាកីឡដ្ឋាន De Kuip ទីក្រុង Rotterdam ខណៈក្រុមអេស្ប៉ាញត្រូវជួបអ៊ីតាលីនៅថ្ងៃទី ១៥ ខែមិថុនា នាកីឡដ្ឋាន De Grolsch Veste ស្ថិតនាទីក្រុង Enschede ។
សូមបញ្ជាក់ថា ពានរង្វាន់ UEFA Nations League គឺជាការប្រកួតរយៈពេលពីរឆ្នាំដែលប្រកួតប្រជែងដោយបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ ដែលត្រូវបានបែងចែកជារចនាសម្ព័ន្ធលីគចំនួនបួន។ វាបានជំនួសការប្រកួតមិត្តភាពដែលបានលេងកាលពីមុនយ៉ាងមានប្រសិទ្ធភាពនៅលើប្រតិទិននៃការប្រកួតអន្តរជាតិ៕