×

គ្រូ Real Madrid ថា ខ្លួនកំពុងជួបបញ្ហាស្មុគស្មាញក្នុងការជ្រើសរើសកីឡាករសម្រាប់ការប្រកួត

លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បាននិយាយថា ការងាររបស់លោកកំពុងជួបបញ្ហាស្មុគស្មញចំពោះការជ្រើសរើសកីឡាករសម្រាប់ការប្រកួតនានា។

បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើ Casemiro ទៅកាន់ Man UTD ហើយខ្សែបម្រើសំខាន់ៗដូចជា Luka Modric និង Toni Kroos កាន់តែមានវ័យចាស់វស្សានិងជិតឈានដល់រដូវកាលចុងក្រោយនៃអាជីពរបស់ពួកគេនោះ លោក Ancelotti បានព្យាយាមបញ្ចូលកីឡាករថ្មីៗ និងកីឡាករយុវជនទៅក្នុងជម្រើសរបស់លោក។ ទោះយ៉ាងណា វាហាក់មានភាពខុសប្លែកច្រើនពីជម្រើសនៅរដូវកាលមុនដែល Real Madrid បានឈ្នះជើងឯក La Liga និង UEFA Champions League។ បន្ថែមពីនេះ គ្រូបង្វឹកជនជាតិអ៊ីតាលីបានទទួលស្គាល់ថា ការផ្លាស់ប្តូរនេះបានធ្វើអោយលោកមានភាពស្មុគស្មាញខ្លាំងណាស់។

ខណៈដែល Real Madrid នឹងត្រូវជួបជាមួយ Atletico Madrid នៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey នាយប់នេះ លោក Ancelotti នៅមិនទាន់ប្រាកដថា នឹងជ្រើសរើសយក Modric និង Toni Kroos ទៅ ឬត្រូវបន្តដាក់ Dani Ceballos និង Eduardo Camavinga ទៅក្នុងសមាសភាពដំបូងនោះទេ។

ជុំវិញរឿងនេះ គ្រូបង្វឹកវ័យ ៦៣ឆ្នាំ បានឱ្យដឹងថា៖ “យើងកំពុងឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរនៅក្នុងក្រុមដំបូងរបស់យើង ហើយអ្នកគ្រប់គ្នាត្រូវយល់ពីវា។ យើងកំពុងមានអំណត់អត់ធ្មត់ ក្នុងការសង្កេតលើកីឡាករក្មេងៗ។ ហើយវាមានសារៈសំខាន់សម្រាប់យើងក្នុងការរក្សាបរិយាកាសល្អនៅក្នុងការផ្លាស់ប្តូរនេះ ព្រោះវានឹងជារឿងល្អបំផុតសម្រាប់ក្រុម។”

ដោយឡែក បន្ទាប់ពីចប់ការប្រកួតទល់នឹង Atletico Madrid ក្នុងពានរង្វាន់ Copa del Rey ហើយ Real Madrid នឹងបន្តទៅជួបក្រុម Osasuna ក្នុងក្របខណ្ឌ La Liga វិញម្តង ដោយនៅខណៈនេះ ក្រុមអធិរាជស កំពុងព្យាយាមការពារតំណែងជើងឯករបស់ខ្លួនពីគូប្រជែង Barcelona ដែលកំពុងមានស្ថិតិល្អនៅក្នុងការប្រកួតលីគកំពូលអេស្ប៉ាញមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង