×

ខ្សែបម្រើ Joelintonរបស់Newcastleទទួលការពិន័យ ដោយសារការបើកបរក្នុងស្ថានភាពស្រវឹង

ខ្សែបម្រើ Joelinton របស់ក្រុម Newcastle United ត្រូវបានពិន័យមិនឱ្យបើកបររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ 29,000ផោន បន្ទាប់ពីសារភាពថាខ្លួនបានបើកបរក្នុងស្ថានភាពស្រវឹង។

ប៉ូលីសបានចាប់ខ្លួនកីឡាករប្រេស៊ីលរូបនេះ បន្ទាប់ពីគាត់បានបើករថយន្ត Mercedes G-Wagen 2022 របស់គាត់នៅផ្លូវ Ponteland ទីក្រុង Newcastle នៅយប់រំលងអាធ្រាត្រថ្ងៃទី 12 ខែមករា។ ការធ្វើតេស្តរកជាតិអាកុល បានបង្ហាញថាកីឡាករវ័យ 26 ឆ្នាំមានជាតិអាល់កុល 43 មីក្រូក្រាមក្នុង 100 មីលីលីត្រនៃខ្យល់ដង្ហើម លើសពីដែនកំណត់របស់ច្បាប់ ដែលអនុញ្ញាតត្រឹម 35 មីក្រូក្រាមក្នុងមួយ១០០មីលីលីត្រ។

ចៅក្រមបានគណនាការផាកពិន័យដោយផ្អែកលើឯកសារដែលបង្ហាញពីប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករបាល់ទាត់រូបនេះ គឺ 43,000 ផោន។

Joelinton បានសូមទោសទៅកាន់អ្នកគាំទ្ររបស់ខ្លួន ហើយបានសន្យាថាគាត់នឹងចាត់ទុកវាជាមេរៀនមួយ ដើម្បីជៀសវាងការប្រព្រឹត្តខុសនៅពេលក្រោយ។

សូមរំឭកថា អ្នកចាត់ការ Eddie Howe របស់ Newcastle មិនបានពិន័យខ្សែបម្រើរូបនេះទេ បន្ទាប់ពី Joelinton រងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង។ ខ្សែបម្រើរូបនេះ បានផ្ទេរមកកាន់ក្រុមសារិកាព្រៃក្នុងឆ្នាំ 2019 ក្នុងតម្លៃ 40 លានផោន និងជាផ្នែកមួយដ៏សំខាន់សម្រាប់ Newcastle នាពេលបច្ចុប្បន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង