×

FIFA ពិន័យកីឡាករអ៊ុយរុយហ្គាយ៤នាក់ដែលប្រើចរិតមិនល្អនៅ World Cup 2022

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដាក់ពិន័យកីឡាករអ៊ុយរុយហ្គាយចំនួន ៤ រូបរួមមាន Edinson Cavani Jose Maria Gimenez, Fernando Muslera និង Diego Godin ព្រោះឥរិយាបថមិនសមរម្យអំឡុងព្រឹត្តិការណ៍ World Cup 2022 ។

ក្រុមអ៊ុយរុយហ្គាយបានមានការខឹងសម្បារចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលអំឡុងពេលពួកគេឈ្នះហ្គាណា ក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយនៃពូល H នាប្រទេសកាតា កាលពីខែធ្នូកន្លងទៅ។
អ៊ុយរុយហ្គាយត្រូវការជ័យជម្នះ ៣-០ ដើម្បីជួយពួកគេឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ World Cup 2022 ប៉ុន្តែពួកគេត្រូវបានធ្លាក់ចេញដោយសារឈ្នះហ្គាណាត្រឹមលទ្ធផល ២-០ តែប៉ុណ្ណោះ។

ក្រោយទទួលបានលទ្ធផលនេះ កីឡាករទាំង៤របស់អ៊ុយរូហ្គាយ បានទៅតវ៉ានឹងអាជ្ញាកណ្តាល និងឆ្លងឆ្លើយជាមួយអ្នកគាំទ្រ ហើយស្របពេលនោះ Cavani បានរុញឧបករណ៍ពិនិត្យ VAR ឱ្យដួលបង្កការខូចខាត នៅពេលរូបគេដើរចូលបន្ទប់ផ្លាស់សម្លៀកបំពាក់។ កាយវិការមិនល្អទាំងអស់នេះ ធ្វើឱ្យពួកគេត្រូវរងពិន័យ។

ជាក់ស្តែង Cavani និង Godin ត្រូវជាប់បម្រាមមួយប្រកួតម្នាក់ និងពិន័យជាប្រាក់ ១៦០០០ដុល្លារ ខណៈ Gimenez និង Muslera ត្រូវបានហាម៤ប្រកួត និង ពិន័យជាប្រាក់ ២១៧០០ដុល្លារ។ មិនត្រឹមតែការពិន័យ កីឡាករទាំង៤ នោះទេ FIFA ក៏បានពិន័យសហព័ន្ធបាល់ទាត់អ៊ុយរុយហ្គាយនូវទឹកប្រាក់ជាង៥៤ម៉ឺនដុល្លារ និងលេងបិទទ្វារកីឡដ្ឋានសម្រាប់ជំនួបក្នុងដីរបស់អ៊ុយរុយហ្គាយមួយប្រកួតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង