Arsenal បានចុះហត្ថលេខាជាមួយខ្សែបម្រើអ៊ីតាលី Jorginho ពី Chelsea ក្នុងតម្លៃ 12 លានផោន។
កីឡាករវ័យ 31 ឆ្នាំដែលបានចូលរួមជាមួយ Chelsea ពី Napoli កាលពីឆ្នាំ 2018 នៅសល់កុងត្រាត្រឹមតែ6ខែទៀតប៉ុណ្ណោះជាមួយក្រុមតោខៀវ។ Jorginhoបានឆ្លងកាត់ការពិនិត្យសុខភាពកាលពីថ្ងៃអង្គារ ហើយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 18 ខែជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។
លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បាននិយាយថា៖ “Jorginho គឺជាកីឡាករខ្សែបម្រើដែលមានភាពវៃឆ្លាត ជំនាញ ភាពជាអ្នកដឹកនាំល្អ និងបទពិសោធន៍ក្នុងក្របខណ្ឌ Premier League និងអន្តរជាតិជាច្រើន” ។ “គាត់បានជោគជ័យក្នុងអាជីពរបស់គាត់ ប៉ុន្តែនៅតែមានការស្រេកឃ្លាន និងឆន្ទៈដ៏ធំក្នុងការរួមចំណែកនៅទីនេះ។” “យើងពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាជាមួយ Jorginho ហើយស្វាគមន៍គាត់ និងក្រុមគ្រួសាររបស់គាត់មកកាន់ក្លិបនេះ”។
Jorginho ក្លាយជាកីឡាករទី 3 របស់ Arsenal នៃទីផ្សារដោះដូរនាខែមករាកន្លងទៅ បន្ទាប់ពីក្រុមកាំភ្លើងធំ បានទិញខ្សែការពារប៉ូឡូញ Jakub Kiwior ពី Spezia ក្នុងតម្លៃ 20 លានអឺរ៉ូ (17.6 លានផោន) និងខ្សែប្រយុទ្ធបែលហ្ស៊ិក Leandro Trossard ដែលបានផ្ទេរពី Brighton ក្នុងតម្លៃ 21 លានផោន។
ក្រុមរបស់លោក Mikel Arteta មាន 5 ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខណ្ឌ Premier League ដោយសល់មួយប្រកួតក្នុងដៃ៕