Newcastle United បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ឬ EFL Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 1999 ដោយបានយកឈ្នះក្រុម Southampton ដោយលទ្ធផល 2-1 នៅកីឡដ្ឋាន St James’ Park នៅក្នុងជើងទីពីរ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញ។
កូនក្រុមរបស់លោក Eddie Howe នឹងត្រូវជួបជាមួយ Manchester United ឬ Nottingham Forest នៅកីឡដ្ឋានជាតិអង់គ្លេស Wembley ខណៈ Newcastle កំពុងស្វែងរកការឈ្នះពានរង្វាន់ណាមួយ ចាប់តាំងពីការឈ្នះពានរង្វាន់ Inter Cities’ Fairs Cup កាលពីឆ្នាំ 1969 របស់ពួកគេ។
ក្រុមសារិកាព្រៃ ដែលបានចាញ់ក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីឆ្នាំ 1999 បានយកឈ្នះ Southampton ដោយលទ្ធផល 1-0 កាលពីជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងការប្រកួតជើងទីពីរ ក្រុមម្ចាស់ផ្ទះបាននាំមុខមុនត្រឹមតែ 4 នាទីប៉ុណ្ណោះ ខណៈដែល Sean Longstaff បានផ្ដល់គ្រាប់បាល់ដំបូង ហើយរូបគេបានបន្ថែមគ្រាប់ទីពីរសម្រាប់ Newcastle នៅនាទីទី 21 ។
Che Adams បានផ្ដល់គ្រាប់បាល់មួយគ្រាប់មកវិញសម្រាប់ Southampton នៅពាក់កណ្តាលវគ្គទីមួយ នៅពេលដែលអ្នកចាំទី Nick Pope របស់ក្រុមសារិកាព្រៃ បានរក្សា Clean Sheet លើកទី 11 ជាប់ៗគ្នា។
Newcastle នឹងរកឃើញគូប្រកួតរបស់ពួកគេនៅយប់នេះ នៅពេលដែល Manchester United ទទួលស្វាគមន៍ Nottingham Forest នៅកីឡដ្ឋាន Old Trafford ក្នុងជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EFL Cup ។ កាលពីជើងទីមួយ ក្រុមបិសាចក្រហម បានយកឈ្នះដោយលទ្ធផល 3-0 ។
សូមជម្រាបថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ EFL Cup នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2023 ៕