លោក Aiyawatt Srivaddhanaprabha ជនជាតិថៃ និងជាប្រធានក្លិប Leicester City បានលុបបំណុលចំនួន 194 លានផោនរបស់ក្លិបដែលបានជំពាក់ក្រុមហ៊ុន King Power International ហៅកាត់ KPI ។
ក្លិបបាល់ទាត់អង់គ្លេសមួយនេះ បានខ្ចីប្រាក់ពីក្រុមហ៊ុន KPI ដែលជាកម្មសិទ្ធិរបស់គ្រួសារ Srivaddhanaprabha។ Leicester បានថ្លែងការណ៍ថា នេះគឺជាព័ស្តុតាងនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន KPI ក្នុងការគាំទ្រដល់និរន្តរភាពយូរអង្វែងរបស់ក្លិប។
“ប្រាក់កម្ចីទាំងនេះត្រូវបានផ្តល់ដោយ KPI ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់មូលនិធិសាងសង់កន្លែងហ្វឹកហាត់ថ្មីលំដាប់ពិភពលោករបស់ក្លិបនៅ Seagrave និងដើម្បីបន្តគាំទ្រដល់ការវិនិយោគរបស់ក្លិបទៅក្នុងក្រុម និងបាល់ទាត់នារី ក្នុងអំឡុងពេល Covid-19។”
វាជាលើកទីពីរហើយដែលម្ចាស់ក្លិប Leicester បានសម្រេចលុបបំណុលរបស់ក្លិប ដោយកាលពីលើកទីមួយ បំណុលចំនួន 103 លានផោនត្រូវបានលុបចោល ក្នុងឆ្នាំ 2013 ។
គួរដឹងដែរថា គ្រួសារ Srivaddhanaprabha បានទិញ Leicester កាលពីឆ្នាំ 2010 និងបានជួយឱ្យពួកគេបោះជំហានចេញពីក្របខណ្ឌ Championship ឡើងមកកាន់ក្របខណ្ឌ Premier League ដែលជាកន្លែងដែលពួកគេបានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសនៅឆ្នាំ2016 និង FA Cup នៅឆ្នាំ 2021៕