លោក Antonio Conte គ្រូបង្វឹក Tottenham Hotspur នឹងចូលមន្ទីរពេទ្យដើម្បីវះកាត់ថង់ទឹកប្រមាត់នៅ ក្រោយពីលោកមានអាការចុកពោះធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់ក្លិបនៅលីគកំពូលអង់គ្លេស។
លោក Conte វ័យ៥៣ឆ្នាំ ត្រូវគ្រូពេទ្យរកឃើញថាមានបញ្ហារលាកថង់ទឹកប្រមាត់ ហើយលោកត្រូវតែធ្វើការវះកាត់ដើម្បីព្យាបាល។
បុរសជនជាតិអ៊ីតាលី នឹងត្រលប់មកធ្វើការវិញ បន្ទាប់ពីជាសះស្បើយ ប៉ុន្តែ Spurs មិនទាន់បញ្ជាក់ថាត្រលប់មកវិញពេលណានោះទេ។
លោក Conte ទើបតែបានដឹកនាំក្រុម Spur ឈ្នះនៅ Preston North End ដោយលទ្ធផល ៣-០ ក្នុងជុំទី៤ ពានរង្វាន់ FA Cup កាលពីសប្តាហ៍កន្លងទៅ។
ប្រកួតបន្ទាប់របស់ក្លិបមានមូលដ្ឋាននៅរាជធានីឡុងដ៍មួយនេះ នឹងប៉ះនឹង Man City នៅក្របខណ្ឌ Premier League វិញម្តង ដែលការប្រកួតនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។ Spurs បច្ចុប្បន្ន កំពុងតែឈរចំណាត់ថ្នាក់លេខ ៥ ជាមួយនឹង ៣៦ពិន្ទុក្នុងដៃ។
ដោយឡែក គ្រូជំនួយគឺលោក Cristian Stellini នឹងជាអ្នកដឹកនាំក្រុម Spurs អំឡុងពេលដែលលោក Antonio Conte ត្រូវអវត្តមានដោយសារសម្រាកព្យាបាលជំងឺ៕