×

ខ្សែការពារ Joao Cancelo ច្រានចោលព័ត៌មានឈ្លោះគ្នាជាមួយលោក Pep Guardiola

ខ្សែការពារ Joao Cancelo បានច្រានចោលព័ត៌មានដែលថាខ្លួនបានឈ្លោះគ្នាជាមួយលោក Pep Guardiola និងថា ការផ្ទេរមក Bayern Munich មិនមែនជាការលាចុងក្រោយសម្រាប់ Man City ទេ។

វាជារឿងដ៏ភ្ញាក់ផ្អើលមួយដែល កីឡាករសញ្ជាតិព័រទុយហ្គាល់បានចាកចេញពីទឹកដី Etihad នាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរខែមករា ដោយរូបគេនឹងស្នាក់នៅ Bayern Munich រហូតដល់ចប់រដូវកាលនេះ។ បន្ថែមពីនេះ ក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់ អាចមានជម្រើសទិញយក Joao Cancelo ក្នុងតម្លៃ៧៩លានអឺរ៉ូ ក្រោយបញ្ចប់រដូវកាលផងដែរ។

កន្លងទៅក៏មានការរាយការណ៍ថា ការចាកចេញរបស់ Joao Cancelo ព្រោះតែមានភាពល្អក់កករជាមួយគ្រូបង្វឹកលោក Pep Guardiola ប៉ុន្តែ ត្រូវបានសាមីកីឡាករចេញមុខបដិសេធនិងថាមូលហេតុពិតប្រាកដដែលគេចាកចេញពី Man City មកលេងខ្ចីជើងនៅ Bayern Munich គឺដោយសារតែគេចង់ជាប់ជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់។

Cancelo បាននិយាយថា៖ “ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងខ្ញុំជាមួយលោក Pep Guardiola តែការពិត ខ្ញុំគ្រាន់តែចង់លេងឱ្យបានច្រើននាទីជាងនេះ។ ខ្ញុំសម្លឹងឃើញឱកាស នៅ Bayern Munich ។ ខ្ញុំមិនបានសួរលោក Pep ពីការផ្ទេរមក Bayern Munich ទេ គ្រប់យ៉ាងកើតឡើងឆាប់ពេក។ ខ្ញុំចង់ពាក់អាវ Bayern Munich និងលេងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ខ្ញុំមានពេលវេលាអស្ចារ្យនៅ Man City ហើយខ្ញុំនៅមានកុងត្រានៅទីនោះផងដែរ។”

អតីតសមាជិក Juventus គឺជាកីឡាករសំខាន់មួយរូបសម្រាប់ Man City ចាប់តាំងពីការមកដល់ ក្នុងឆ្នាំ ២០១៩ ដោយបានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសចំនួនពីរ ហើយរូបគេក៏ត្រូវបាន ដាក់ឈ្មោះនៅក្នុងបញ្ជីកីឡាករក្រុមឆ្នើមនៅ Premier League ២រដូវកាលកន្លងមកថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង