បន្ទាប់ពីការដោះដូរកីឡាករនាខែមករា បានកន្លងផុតទៅ Arsenal នឹងបន្តស្វែងរក 3 ពិន្ទុបន្ថែមសម្រាប់ការប្រកួតទល់នឹង Everton សម្រាប់ក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី 4 ខែកុម្ភៈ ឆ្នាំ 2023 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 7:25 នាទីតទៅ។
ក្រុមកាំភ្លើងធំបានទទួលជ័យជម្នះ 3-2 លើក្រុម Manchester United ដោយធ្វើឱ្យពួកគេបាននាំមុខចំនួន 5 ពិន្ទុនៅលើកំពូលតារាង ខណៈការប្រកួតចុងក្រោយរបស់ពួកគេគឺនៅក្នុងពានរង្វាន់ FA Cup ដែលពួកគេបានចាញ់ Manchester City ។
Arsenal នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Goodison Park ដែលទើបតែតែងតាំងលោក Sean Dyche ជាអ្នកចាត់ការទូទៅរបស់ Everton ដើម្បីជំនួសលោក Frank Lampard ដែលត្រូវបានបញ្ឈប់ពីតំណែង។
កីឡាករ Jorginho ដែលបានផ្ទេរពី Chelsea ក្នុងតម្លៃ 12 លានផោន នឹងអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រកួតរបស់ Arsenal ទល់នឹង Everton ។ ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ បានស៊ុតបាល់ប៉េណាល់ទីឱ្យ Chelsea ទៅលើ Everton នៅថ្ងៃបើកឆាកនៃរដូវកាលនេះ។
ដោយសារ Thomas Partey បានត្រឡប់មកវិញ Jorginho ប្រហែលជានឹងមិនចាប់ផ្តើមជាជម្រើស11នាក់ដំបូងទេ ប៉ុន្តែគេអាចជាអ្នកជំនួស Albert Sambi Lokonga ដែលបានចូលរួមជាមួយ Crystal Palace ក្នុងលក្ខខណ្ឌខ្ចីជើង៕