×

អារ៉ាប៊ីសាអ៊ូឌីត ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup 2027

អារ៉ាប៊ីសាអ៊ូឌីត បានឈ្នះការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup 2027 បន្ទាប់ពីមានការពិភាក្សាក្នុងអំឡុងសមាជសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លើកទី 33 នៅប្រទេសបារ៉ែន កាលពីថ្ងៃពុធ។

ការដេញថ្លៃរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងការធ្វើជាម្ចាស់ផ្ទះ បានកើតឡើងបន្ទាប់ពីគណៈប្រតិភូអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញផែនការធ្វើម្ចាស់ផ្ទះ ក៏ដូចជាបង្ហាញពីផែនការជួសជុលកីឡដ្ឋានដែលមានស្រាប់ និងសាងសង់ថ្មី។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកីឡារបស់អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Turki al-Faisal និងប្រធាន FIFA លោក Gianni Infantino ។

គួររំឭកថា កាលពីខែតុលា ឆ្នាំ 2022 គណៈកម្មាធិការប្រតិបត្តិ AFC បានជ្រើសរើសសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និងសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) ជាអ្នកដេញថ្លៃចុងក្រោយដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup 2027 បន្ទាប់ពីបានពិចារណាលើសំណើរបស់ពួកគេ។ ប៉ុន្តែ ឥណ្ឌាបានដកខ្លួនចេញពីការដេញថ្លៃនេះ។

ថ្មីៗនេះ ប្រទេសអារាប៊ីសាអ៊ូឌីត បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Super Cup របស់ក្លិប Barcelona, Real Madrid និង AC Milan ។ ជាមួយគ្នានេះ តារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានផ្លាស់ទៅទីក្រុង Riyadh នៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលេងឱ្យក្លិប Al Nassr ដែលបានផ្ដល់ជំហរដ៏រឹងមាំសម្រាប់ការដេញថ្លៃនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង