ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris St-Germain នឹងអវត្តមានក្នុងការប្រកួតជើងទី 1 វគ្គ 16 ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ Champions League ជាមួយនឹងក្រុម Bayern Munich ដោយសាររបួសភ្លៅ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានរងរបួសក្នុងការទទួលជ័យជម្នះ 3-1 នៅលើទឹកដីរបស់ក្លិប Montpellier កាលពីថ្ងៃពុធ ហើយនឹងត្រូវអវត្តមានរយៈពេលបីសប្តាហ៍។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានខកខានក្នុងការស៊ុតបាល់ប៉េណាល់ទីពីរគ្រាប់ និងឱកាសមួយគ្រាប់ដ៏សំខាន់ មុនពេលត្រូវបានបង្ខំប្ដូរចេញ នៅនាទីទី 21។
PSG ធ្វើជាម្ចាស់ផ្ទះទទួល Bayern Munich នៅថ្ងៃពុធ ទី 15 ខែកុម្ភៈ។ Mbappe ក៏នឹងខកខានការប្រកួត French Cup ជាមួយ Marseille នៅថ្ងៃទី 8 ខែកុម្ភៈ និងការប្រកួត Ligue 1 ជាមួយ Monaco ផងដែរ។
សូមជម្រាបថា ខ្សែប្រយុទ្ធរូបនេះរកបាន 25 គ្រាប់ក្នុងការបង្ហាញខ្លួន 26 លើកសម្រាប់ក្លិបរបស់គាត់នៅរដូវកាលនេះ៕