Raphael Varane ខ្សែការពារកណ្តាលរបស់ក្លិប Manchester United និងក្រុមមាន់គកបារាំង បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិជាផ្លូវការ កាលពីពេលថ្មីៗនេះ។
កីឡាករវ័យ 29 ឆ្នាំដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ 2018 រូបនេះ បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុងការបង្ហាញខ្លួន 93 លើកសម្រាប់ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2013 ។
ការបង្ហាញខ្លួនលើកចុងក្រោយរបស់ Varane គឺនៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលបារាំងបានចាញ់អាហ្សង់ទីន ដោយបាល់ប៉េណាល់ទី។
Varane ដែលបានចុះហត្ថលេខាជាមួយ Man United ពី Real Madrid កាលពីខែសីហា ឆ្នាំ 2021 គឺជាកីឡាករចុងក្រោយរបស់ក្រុមមាន់គកបារាំង ដែលបានចូលនិវត្តន៍បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។
កាលពីខែមករា អ្នកចាំទីរបស់ Tottenham Hotspur និងជាប្រធានក្រុមជម្រើសជាតិ ពោលគឺ Hugo Lloris បានប្រកាសចូលនិវត្តន៍ផងដែរ បន្ទាប់ពីបារាំងចាញ់អាហ្សង់ទីន បានរយៈពេល 3 សប្តាហ៍៕