×

Juventus ពិចារណាបញ្ចប់កុងត្រារបស់ Paul Pogba

Manchester United បានអនុញ្ញាតឱ្យ Paul Pogba ចាកចេញបន្ទាប់ពីរួមរស់ជាមួយគ្នា 6 ឆ្នាំនៅកីឡដ្ឋាន Old Trafford ហើយកីឡាករបារាំងរូបនេះ បានចុះហត្ថលេខាជាថ្មីជាមួយនឹងអតីតរបស់ខ្លួន ពោលគឺ Juventus តែម្ដង។

ខ្សែបម្រើរូបនេះ មិនបានលេងមួយប្រកួតឡើយចាប់តាំងពីការមកដល់ Juventus ដោយសាររបួសនៅមុនបើករដូវកាល និងបានជួបបញ្ហាជាបន្តបន្ទាប់។ រូបគេថែមទាំងមិនស្ថិតក្នុងក្រុមជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ថែមទៀតផង។

កាលពីចុងសប្តាហ៍មុន Pogba បានអង្គុយនៅកៅអីបម្រុងរបស់ Juventus ទល់នឹងក្រុម Monza ដែលជាការប្រកួតដែលក្រុមយក្សអ៊ីតាលីបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 2-0 ។ ប៉ុន្តែ Pogba មិនត្រូវបានប្ដូរចូលឡើយ។

មុនការប្រកួតនៅក្នុងកម្មវិធីពានរង្វាន់ Coppa Italia លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ក្រុមសេះបង្កង់ បានពន្យល់ថា Pogba នឹងមិនអាចលេងបានទេ បន្ទាប់ពីមានបញ្ហាមួយដែលមិនត្រូវបានបញ្ជាក់។

សារព័ត៌មាន DailyMail ថ្មីៗនេះបានរាយការណ៍ថា Juventus កំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់ Pogba ឬប៉ុនប៉ងលក់គាត់ទៅឱ្យក្លិបនៅសហរដ្ឋអាមេរិកនៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង