Harry Kane បានបង្ហាញការសប្បាយចិត្ត បន្ទាប់ពីបានបំបែកកំណត់ត្រារបស់កីឡាករ Jimmy Greaves ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Tottenham Hotspur នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ប្រធានក្រុមអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី 267 សម្រាប់ Spurs ក្នុងការយកឈ្នះទៅលើក្រុម Manchester City ដោយលទ្ធផល 1-0 កាលពីយប់មិញនៅក្នុងកីឡដ្ឋាន Tottenham Hotspur ។
Greaves ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្លិបតោខៀវ Chelsea ស៊ុតបញ្ចូលទីបាន 266 គ្រាប់ក្នុង 379 ប្រកួតសម្រាប់ Spurs ចន្លោះឆ្នាំ 1961 និង 1970 ។ ខណៈ Kane បានបង្ហាញខ្លួនជាលើកដំបូងនៅ Spurs កាលពីឆ្នាំ 2011 និងបង្ហាញខ្លួនបាន 416 ដងសម្រាប់ក្រុមមាន់ខ្នាយមាស។
គ្រាប់បាល់របស់ Kane ត្រូវបានបញ្ជូនដោយ Pierre-Emile Hojbjerg នៅក្នុងប្រអប់គ្រោះថ្នាក់ ដើម្បីបញ្ចប់ទីយ៉ាងល្អ ពេលការប្រកួតដំណើរការបាន 15 នាទី ក្នុងវគ្គទីមួយ។
ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះ ត្រូវបាន 61 គ្រាប់ទៀតនៅក្នុងក្របខណ្ឌ Premier League ដើម្បីបំបែកកំណត់ត្រារបស់ Alan Shearer ដែលស៊ុតបញ្ចូលទីបាន 260 គ្រាប់នៅក្នុងលីគកំពូលអង់គ្លេស។ បច្ចុប្បន្ន Kane ឈរនៅលេខ 3 នៅក្រោម Wayne Rooney ដែលមាន 208 គ្រាប់។
Kane ខ្វះតែមួយគ្រាប់ទៀត នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស ខណៈបច្ចុប្បន្នគាត់មាន 53 គ្រាប់ស្មើជាមួយ Rooney៕