ក្លិប Man City ត្រូវបានចោទប្រកាន់ដោយស្ថាប័ន Premier League ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុច្រើនជាង១០០ករណី Financial Fair Play ហៅកាត់ថា FFP បន្ទាប់ពីក្លិបត្រូវបានទិញយកដោយសម្ព័ន្ធក្រុមហ៊ុន City Football Group ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi សហព័ន្ធអារ៉ាប់។
ស្ថាប័នលីគកំពូលបាល់ទាត់អង់គ្លេស បានធ្វើការចោទប្រកាន់ក្លិបរហស្សនាមមេឃខៀវ បន្ទាប់ពីការស៊ើបអង្កេតត្រូវបានធ្វើឡើងរយៈពេល៤ឆ្នាំមកហើយ។ សំណុំរឿង ត្រូវបានបញ្ជូនទៅគណៈកម្មការឯករាជ្យមួយ ជុំវិញការបំពានច្បាប់ FFP ដែលត្រូវបានចោទប្រកាន់រវាងឆ្នាំ ២០០៩ និង ២០១៨។ ក្នុងនោះ Man City ក៏បានចោទប្រកាន់ថា មិនបានសហការចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ២០១៨។
សេចក្តីថ្លែងការណ៍មួយពី Premier League បានឱ្យដឹងថា៖ “Man City បានបំពានច្បាប់ដែលតម្រូវឱ្យពួកគេផ្តល់ពត៌មានហិរញ្ញវត្ថុត្រឹមត្រូវ ដែលរួមបញ្ចូលទាំងប្រាក់ចំណូល ការឧបត្ថម្ភ និងការចំណាយ។”
នៅមិនទាន់មានដំណឹងជាក់លាក់ណាមួយថា Man City នឹងត្រូវទទួលការដាក់ទោសដល់កម្រិតណានោះទេ តែបើតាមច្បាប់ FFP គឺពួកគេអាចប្រឈមនិងការពិន័យជាទឹកប្រាក់ ឬការកាត់ពិន្ទុទៅតាមកម្រិតការរំលោភបំពានច្បាប់។ វាក៏អាចរីករាលដាលធំរហូតដល់ការកាត់ចេញទៅកាន់ក្របខណ្ឌតូចជាងនេះផងដែរ ប្រសិនបើទំហំទោសមានសភាពធ្ងន់ធ្ងរជាងនេះ៕