Leeds United បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តបញ្ចប់តំណែងគ្រូបង្វឹក លោក Jesse Marsch រួមទាំងក្រុមការងាររបស់លោក ក្រោយការដឹកនាំមិនដល់១ឆ្នាំផង។
ការបណ្តេញបុរសជនជាតិអាមេរិក វ័យ ៤៩ឆ្នាំចេញពីតំណែង គឺបន្ទាប់ពី Leeds United បានចាញ់ Nottingham Forest ដោយលទ្ធផល ១-០ និងរអិលទៅតំបន់កាត់ចោល។
លោក Marsch បានចូលកាន់តំណែងនៅ Leeds កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំមុន ជំនួសលោក Marcelo Bielsa និងបានជួយក្រុមឱ្យរក្សាបាននូវកៅអីលេងក្នុងពានរង្វាន់ Premier League។
យ៉ាងណា នៅរដូវកាលនេះ ក្រុមកំពុងតែដុនដាបខ្លាំង ដោយបច្ចុប្បន្នឈរនៅលេខ១៧ និង មិនទាន់ស្គាល់រសជាតិឈ្នះចាប់តាំងពីថ្ងៃទី ៥ ខែវិច្ឆិកា មកម្ល៉េះ។
ក្រោយបញ្ចប់ភារកិច្ចរបស់លោក Jesse Marsch ក្លិប Leeds United បានចេញសេចក្តីថ្លែងការណ៍ថា៖ “ក្លិបសូមថ្លែងអំណរគុណដល់លោក Jesse Marsch និងបុគ្គលិករបស់គាត់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ហើយសូមជូនពរពួកគេមានសុខភាពល្អនាពេលអនាគត”។
ក្រោយការបណ្តេញលោក Marcsh និង ក្រុមការងាររបស់លោកចេញពីតំណែងក្លិប Leeds United នឹងត្រៀមប្រកាសតែងតាំងគ្រូបង្វឹកថ្មីដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕