×

Real Madrid អាចអវត្តមានកីឡាករ៥រូប នៅពានរង្វាន់ FIFA Club World Cup

Real Madrid កំពុងជួបប្រទះបញ្ហាដោយកីឡាកររបស់ខ្លួនចំនួន៥រូប អាចនឹងខកខានជួយក្រុម ក្នុងការប្រកួតទល់នឹងក្រុមអេហ្ស៊ីប Al Ahly នៃពានរង្វាន់ FIFA Club World Cup។

ជាការពិត នៅយប់ថ្ងៃពុធខាងមុខនេះ Real Madrid នឹងមានភារកិច្ចសំខាន់ក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់ Club World Cup ដែលឈានចូលដល់វគ្គ៤ក្រុមចុងក្រោយ ទល់នឹង Al Ahly ខណៈ ការប្រកួតធ្វើឡើងនៅទឹកដីនៃប្រទេសម៉ារ៉ុក។

ប៉ុន្តែ Real Madrid កំពុងមានវិបត្តិដោយកីឡាករ៥រូបអាចអវត្តមាននោះគឺមាន Thibaut Courtois, Lucas Vazquez, Eder Militao, Ferland Mendy និង Karim Benzema ដែលពួកគេសុទ្ធសឹងតែមានបញ្ហារបួស។

Real Madrid បានឈានទៅប្រកួត Club World Cup ក្នុងនាមជាម្ចាស់ជើងឯកអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងថ្មីៗរបស់ពួកគេមានការព្រួយបារម្ភ ដោយបានឈ្នះពីរលើកគត់ក្នុងការប្រកួតលីគ ៥ លើកចុងក្រោយរបស់ពួកគេ។

បន្ទាប់ពីបរាជ័យក្រោមស្នាដៃក្រុម Mallorca ដោយលទ្ធផល ១-០ រួមមកនោះ ក្រុម Real Madrid តាមពីក្រោយក្រុមគូប្រជែង Barcelona ចំនួន៨ ពិន្ទុក្នុងតារាងលីគកំពូលអេស្ប៉ាញ។

ទោះយ៉ាងណា ក្រោយចប់ភារកិច្ច FIFA Club World Cup ក្រុម Real Madrid មានការសម្រាកមួយរយៈ ហើយក្នុងនោះដែរ គ្រូបង្វឹកលោក Carlo Ancelotti យល់ថា ពេលវេលានោះជាឱកាសល្អសម្រាប់ពួកគេស្តារទម្រង់លេងឡើងវិញដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង